ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងការទូតរបស់ប្រទេសកម្ពុជា និងប្រទេសវៀតណាម ជាផ្លូវការ នៅឆ្នាំ១៩៦៧ ប្រជាជនទាំងពីរ រក្សាបានទំនាក់ទំនងមិត្តភាពកក់ក្តៅ និង ភាពជាដៃគូដ៏ល្អប្រសើរ។ ចំណងមិត្តភាពជាប្រពៃណីនេះ ត្រូវបានបន្តពូនជ្រុំដោយថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសទាំងពីរ ចាប់តាំងពីសម័យ ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាមួយអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាលវៀតណាម រហូតមកដល់ថ្នាក់ដឹកនាំបច្ចុប្បន្ន។
ការថ្លែងរបស់សម្តេច ហ៊ុន សែន ក្នុងឱកាសដែលសម្តេចចូលរួមក្នុងពិធីអបអរសាទរខួបលើកទី ៨០ ទិវាឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រារព្ធធ្វើនៅថ្ងៃទី២១សីហាម្សិលមិញ។
នាឱកាសនោះ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា ស្របពេលដែលទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយរបស់យើងមានការរីកចម្រើនជាលំដាប់ យើងនៅតែចងចាំជានិច្ចនូវការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងអតីតកាល គឺក្នុងគ្រាដែលប្រជាជនកម្ពុជាបានលះបង់ និង គាំទ្រវៀតណាមក្នុងការតស៊ូដើម្បីបុព្វហេតុនៃការបង្រួបបង្រួមទឹកដី និង ឯករាជ្យរបស់វៀតណាម និង ការលះបង់របស់កងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម ក្នុងការផ្តួលរំលំ និង ជួយរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ជួយទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ និងជួយកម្ពុជាកសាងប្រទេសឡើងវិញ ។ នេះ គឺជាសច្ចភាពប្រវត្តិសាស្រ្តដែលគ្មានកម្លាំងប្រតិកិរិយាណាមួយអាចប្រែក្រឡាស់បានឡើយ។
ទំនាក់ទំនងកម្ពុជា-វៀតណាម ដែលបានកសាងឡើងឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ជួយគ្នាទៅវិញទៅមក បានផ្តល់ផលប្រយោជន៍សម្រាប់ប្រទេស និង ប្រជាជនទាំងពីរ ក៏ដូចជាបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៅក្នុតំបន់។
សម្តេច ហ៊ុន សែន បានវាយតម្លៃខ្ពស់ ចំពោះការរក្សាបាននូវទំនាក់ទំនងកក់ក្តៅ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការប្រាស្រ័យទាក់ទងគ្នាគ្រប់កម្រិត ទាំងក្នុងក្របខ័ណ្ឌអង្គការនីតិបញ្ញត្តិ នីតិប្រតិបត្តិ និង ប្រជាជននៃប្រទេសទាំងពីរ។ សម្តេចមានសេចក្តីរីករាយដោយបានកត់សម្គាល់ឃើញថា កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់យើងមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។ ទំហំពាណិជ្ជកម្មទ្វេភាគីមានការកើនឡើងគួរឱ្យកត់សម្គាល់។ នៅឆ្នាំ ២០២៤ វៀតណាម គឺជាដៃគូពាណិជ្ជកម្មលំដាប់ទី ៣ របស់កម្ពុជាដែលមានទំហំពាណិជ្ជកម្មទ្វេភាគីជាង ១០ ពាន់លានដុល្លារអាមេរិក និង មានការកើនឡើងជាង ១៨% ធៀបនឹងឆ្នាំ ២០២៣។
ស្របតាមនិន្នាការកំណើនជាលំដាប់នេះ ប្រទេសទាំងពីរ ក៏បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចឱ្យបានគោលដៅ ២០ ពាន់លានដុល្លារអាមេរិក នាពេលខាងមុខ។ វៀតណាមឈរនៅលំដាប់ទី ៥ នៃការវិនិយោគបរទេសនៅកម្ពុជា ហើយលំដាប់ទី ២ (បន្ទាប់ពីប្រទេសសិង្ហបុរី) ក្នុងចំណោមប្រទេសសមាជិកអាស៊ាន។ ចំនួនទេសចរវៀតណាមមកកម្ពុជា បានកើនឡើងជិត ៣២% ឈរនៅលំដាប់ទី២។ មកដល់ពេលនេះ យើងមានជើងហោះហើរត្រង់សរុប ១០០ជើង ក្នុងមួយសប្ដាហ៍ ប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍វៀតណាមចំនួន ២ និងកម្ពុជាចំនួន២។
សម្តេចបានកត់សម្គាល់ដោយពេញចិត្ត ចំពោះការប្តេជ្ញារបស់ប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសហ-ប្រតិបត្តិការបន្ថែមទៀត នៅក្នុងវិស័យគន្លឹះមួយចំនួន រួមមាន៖ ការពារជាតិ និង សន្តិសុខ អប់រំ សុខាភិបាល ថាមពល ទេសចរណ៍ វប្បធម៌ បច្ចេកវិទ្យា និង វិទ្យាសាស្ត្រ។
កម្ពុជា និង វៀតណាម បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា និង គាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិអាស៊ាន និងក្របខ័ណ្ឌអនុតំបន់ផ្សេងទៀត ដែលមិនត្រឹមតែបម្រើផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅទូទាំងពិភពលោក៕