ម៉ាឡេស៊ី៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅថ្ងៃទី ២១ ខែ សីហានេះបានឆ្លើយតប នឹងប្រាប់ទៅកាន់លោកនាយករដ្ឋមន្រ្តីស្តីទីថៃ ភូមថាំ វេឆាយ៉ាឆៃ ថាសំណើនៃការដាក់ពង្រាយ«ក្រុមសង្កេតការណ៍អន្តរជាតិ»ដើម្បីធានាសុវត្ថិភាពនៅព្រំដែនកម្ពុជា-ថៃមិនមែនជ្រៀតជ្រែកផ្ទៃក្នុងនោះទេ។ ការឆ្លើយតបរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម នេះធ្វើឡើងបន្ទាប់ពីថៃបានប្រកាសច្រានចោលទាំងស្រុងនូវសំណើរបស់ប្រធានអាស៊ានលោកនាយករដ្ឋមន្រ្តី Anwar Ibrahim ក្នុងការដាក់អ្នកអង្កេតការណ៍អន្តរជាតិ (IOT) ទៅកាន់តំបន់ព្រំដែនជម្លោះដើម្បីពិនិត្យមើលការអនុវត្តន៍បទឈប់បាញ់។
ថ្លែងនៅក្នុងវេទិកាច្បាប់អាស៊ានឆ្នាំ ២០២៥ ប្រមុខរដ្ឋម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីមសំណើដាក់ពង្រាយអ្នកសង្កេតការណ៍បន្ថែម ដើម្បីតាមដានការអនុវត្តបទឈប់បាញ់ ថៃ-កម្ពុជា គឺធ្វើឡើងក្នុងគោលបំណងតែមួយគត់ ដើម្បីធានាបាននូវសុវត្ថិភាព និងស្ថិរភាពក្នុងតំបន់បន្តទៀត និងមិនមានការជ្រៀតជ្រែកផ្ទៃក្នុងដូចអ្វីដែលថៃបានអះអាងនោះទេ។
គួរកត់សម្គាល់ថានាយករដ្ឋមន្រ្តីស្តីទីថៃ ភូមថាំ វេឆាយ៉ាឆៃបានបដិសេធសំណើដោយអះអាងថាជម្លោះព្រំដែនរវាងថៃ និងកម្ពុជា គឺជាបញ្ហារវាងភាគីទាំងពីរ ហើយថៃនឹងមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីអ្នកខាងក្រៅឡើយ។ ភូមថាំ វេឆាយ៉ាឆៃ បញ្ជាក់ទៀតថាការសង្កេតបទឈប់បាញ់គួរតែធ្វើឡើងដោយត្រឹមតែក្រុម ASEAN IOT ដូចដែលបានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនៅប្រទេសម៉ាឡេស៊ីនាពេលថ្មីៗនេះទៅបានហើយមិនចាំបាច់បញ្ជូនកម្លាំងមកទៀតនោះទេ។ លោក ភូមថាំ សង្គត់ធ្ងន់ថា ប្រសិនបើ ASEAN IOT ចង់បានមនុស្សបន្ថែមទៀតសម្រាប់ប្រតិបត្តិការសង្កេតនោះ ពួកគេត្រូវតែប្រើប្រាស់មន្ត្រីយោធាមកពីស្ថានទូតអាស៊ាន ឬបុគ្គលិកមកពីស្ថានទូតអាស៊ានទៅបានហើយមិនចាំបាច់បញ្ជូនកងកម្លាំងប្រដាប់អាវុធមកទេ៕