681 ezgif.com resize
Swift cc time

ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ត្រូវបានឯកភាពរៀបចំជាបន្តបន្ទាប់នៅខែក្រោយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ)

ភ្នំពេញ៖ កិច្ចពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ ត្រូវបានរៀបចំប្រជុំលើកទី១ កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ហើយជាលទ្ធផលត្រូវបានឯកភាពរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ និងកិច្ចប្រជុំបញ្ចប់ក្នុងខែកញ្ញា ឆ្នាំ២០២៥។ កិច្ចប្រជុំលើកទី១នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសរុបចំនួន ៥១រូប។

បើតាមក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ កិច្ចប្រជុំលើកទី១នេះមានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសរុបចំនួន ៥១រូប ដែលមានសមាសភាពស្មើៗគ្នា ពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក។

បន្ទាប់ពីសមាសភាពយន្តការត្រីភាគីនេះ បានពិភាក្សានិងលើកមតិយោបល់យ៉ាងផុលផុស អង្គប្រជុំបានអនុម័តសម្រេចបានលទ្ធផលដូចតទៅ៖ ក្នុងនោះបានប្រកាសជាផ្លូវការសមាសភាពសមាជិក និងអនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសម្រាប់អាណត្តិទី៤ (២០២៥-២០២៦) គឺ លោក គឹម ចាន់សំណាង ជាអនុប្រធាន តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និង ឧកញ៉ាបណ្ឌិត ណាង សុធី ជាអនុប្រធាន តំណាងអង្គការវិជ្ជាជីវៈរបស់និយោជក។

កិច្ចប្រជុំលើកទី១ក៏ឯកភាពលើទិន្នន័យ និងស្ថិតិសំខាន់ៗនៃលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ទាំង៧ សម្រាប់ ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានប្រើប្រាស់ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៦។ ភាគីនីមួយៗ ឯកភាពប្រើប្រាស់ស្ថិតិ និងព័ត៌មាន ដែលមាននៅក្នុងបទបង្ហាញនេះ ទៅពិភាក្សាជាលក្ខណៈផ្ទៃក្នុងរបស់ខ្លួន ដើម្បីបាននូវគោលជំហររួម នៅពេលកិច្ចប្រជុំបន្ទាប់។

ជាមួយគ្នានេះ ក៏មានការឯកភាពរៀបចំកិច្ចប្រជុំបន្ទាប់ នៅព្រឹក ថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ លើកទី៣ ថ្ងៃពុធ ទី១០ លើកទី៤ ថ្ងៃចន្ទ ទី១៥ និងលើកចុងក្រោយថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕


Khcct banner

អត្ថបទទាក់ទង