ភ្នំពេញ៖ ចលនាជាតិនិយមឈប់ប្រើប្រាស់ផលិតផលថៃ បានធ្វើឱ្យតម្រូវការទឹកដោះគោស្រស់នៅក្នុងស្រុកមានការកើនឡើងដល់ ១០ម៉ឺនលីត្រក្នុងមួយថ្ងៃ លើសចំនួនផលិត ដោយក្នុងកសិដ្ឋាននៅកម្ពុជាអាចមានសមត្ថភាពផលិតបានប្រមាណជិត ២ម៉ឺនលីត្រប៉ុណ្ណោះក្នុងមួយថ្ងៃ។
លោក ជី សិលា សហស្ថាបនិកកសិដ្ឋានគិរីសួគ៌របស់ក្រុមហ៊ុន Khmer Fresh Milk Co., Ltd ដែលផលិតទឹកដោះគោស្រស់គិរីសួគ៌ បានប្រាប់ស៊ីស៊ីថាមស៍ថា ដើមឡើយទឹកដោះគោនៅក្នុងកសិដ្ឋានរបស់លោកលក់ចេញទៅលើទីផ្សារប្រមាណ ៩០% ប៉ុន្តែក្រោយមានបញ្ហាបិទព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យការនាំចេញកើនដល់ពេញ ១០០% ទៅលើទីផ្សារទូទាំងប្រទេសកម្ពុជា។
បើតាមលោក ជី សិលា លើកឡើងថា សព្វថ្ងៃនេះកសិដ្ឋានរបស់លោក មានគោដែលអាចផលិតទឹកដោះ ប្រមាណ ៥០០-៦០០ក្បាល ក្នុងនោះទោះគោនៅក្នុងកសិដ្ឋានមានជាង ១ពាន់ក្បាល ក៏ពិតមែន ក៏ប៉ុន្តែមិនមែនបានន័យថាគោទាំង ១ពាន់ក្បាលនេះ អាចយកទឹកដោះបានរហូតនោះទេ ដូច្នេះនិយាយជាមធ្យម នៅក្នុងកសិដ្ឋានអាចផលិតទឹកដោះគោបានប្រមាណ ១ម៉ឺន ៥ពាន់លីត្រ ក្នុងមួយថ្ងៃ ជាប្រភេទទឹកដោះគោដែលមិនទាន់កែច្នៃ ហើយបន្ទាប់ពីកែច្នៃរួច អាចផលិតបានប្រមាណជាង ១ម៉ឺន ៤ ពាន់លីត្រ សម្រាប់នាំយកទៅលក់នៅលើទីផ្សារ។
ជាមួយការកើនឡើងនេះ លោកគ្រោងនាំចូលគោបន្ថែម ដើម្បីបង្កើនការផលិត ព្រោះក្នុងរយៈពេលប្រហែល ១ឆ្នាំកន្លងមកនេះការលក់ស្ថិតនៅក្នុងកម្រិតជាង ៩០%រហូតមក ហើយតម្រូវការក៏ចេះតែកើនមានរហូត ដូច្នេះមិនអាចរងចាំការចិញ្ចឹមគោ ចាំឱ្យកើតកូន ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារនោះទេ គឺត្រូវការនាំចូលគោបន្ថែមដើម្បីបង្កើនការផលិតឱ្យបានពី ១,៥ ម៉ឺនលីត្រ ទៅ ៣ ម៉ឺនលីត្រ ឬទៅដល់ ៤ម៉ឺនលីត្រ ឱ្យបានក្នុងរយៈពេល១ឆ្នាំទៅមុខទៀត បើទោះបីជាបច្ចុប្បន្នតម្រូវការទឹកដោះគោនៅក្នុងស្រុកមានតម្រូវការខ្ពស់ក៏ដោយ ក៏កសិដ្ឋានមិនអាចឆ្លើយតបតាមតម្រូវការគ្រប់គ្រាន់បាននៅឡើយដែរ៕