681 ezgif.com resize
Swift cc time

ជម្លោះកម្ពុជា-ថៃ៖ សង្គមស៊ីវិល ដាក់ញត្តិទៅប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្តីពីការរំលោភលើអធិបតេយ្យភាព និងសន្តិភាពរបស់កម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អង្គការសង្គមស៊ីវិលកម្ពុជា រួមទាំងសមាគម សហជីព និងបណ្តាញយុវជន ជាដើម នៅថ្ងៃទី២០សីហានេះ ដាក់ញត្តិទៅកាន់ស្ថានទូតនៃប្រទេសដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ ញត្តិអំពាវនាវឱ្យប្រទេសហត្ថលេខីទាំងនេះរក្សាការប្តេជ្ញាចិត្តនិងមានចំណាត់ការជាបន្ទាន់ក្នុងការ ការពារអធិបតេយ្យភាព បូរណភាពទឹកដីនិងសន្តិភាពរបស់កម្ពុជា។

ញត្តិនេះឆ្លើយតបទៅនឹងការប៉ះទង្គិចគ្នាដោយយោធានាពេលថ្មីៗនេះនៅតាមព្រំដែនកម្ពុជា-ថៃ ដែលបានបណ្តាលឱ្យ មានមនុស្សជាច្រើនរងរបួសនិងបាត់បង់ជីវិត ជនភៀសសឹករាប់ម៉ឺននាក់ សាលារៀនជាច្រើនត្រូវបានបិទការខូចខាតទ្រព្យសម្បត្តិ និងតំបន់បេតិកភណ្ឌវប្បធម៌។ ក្រុមសង្គមស៊ីវិលមើលឃើញថាសកម្មភាពទាំងនេះបំពាន ច្បាប់អន្តរជាតិនិងគំរាមកំហែងដល់អស្ថិរភាពសន្តិភាពក្នុងតំបន់។

លោក រស់ សុថា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា

បើតាមលោក រស់ សុថា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថាញត្តិនេះគឺផ្តោតសំខាន់ស្នើឲ្យប្រទេសថៃគោរពដែនអធិបតេយ្យភាព និងធានាសន្តិភាពរបស់កម្ពុជា ព្រោះជម្លោះរវាងកម្ពុជា-ថៃ​ មានរយៈកាលយូរមកហើយ ជាមរតកអាក្រក់ដល់មនុស្សជំនាន់ក្រោយ ដូច្នេះប្រទេសថៃគួរតែលុបបំបាត់សង្រ្គាម និងបញ្ឈប់ការស្អប់ខ្ពើមជាតិសាសន៍ដទៃ។

គួរបញ្ជាក់ថា ញត្តិនេះជំរុញឱ្យរដ្ឋហត្ថលេខីកោះប្រជុំការពិគ្រោះយោបល់ជាបន្ទាន់តាមមាត្រា៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បង្កើតបេសកកម្មស្វែងរកការពិតអន្តរជាតិមួយដើម្បីស៊ើបអង្កេតការរំលោភដែលត្រូវបានចោទប្រកាន់ និង សម្របសម្រួលកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌និងកសាងសន្តិភាពសម្រាប់សហគមន៍ដែលរងផលប៉ះពាល់៕


Khcct banner

អត្ថបទទាក់ទង