ភ្នំពេញ៖ សម្តេច ម៉ែន សំអន នារសៀលថ្ងៃទី ១៩ សីហា ២០២៥ ត្រូវបានបោះឆ្នោតជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ សម្រាប់អាណត្តិទី៤(២០២៥-២០៣០)។ មុននឹងជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយអាណត្តិទី៤នេះ សម្តេច ម៉ែន សំអន ក៏មានតួនាទីជាអនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយផងដែរ។
យោងតាមក្រសួងព័ត៌មាន ពិធីបោះឆ្នោតបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី១របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលប្រព្រឹត្តធ្វើឡើងនៅអង្គភាពប្រឆាំងអំពើពុករលួយ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។ ជាលទ្ធផល សម្តេច ម៉ែន សំអន ជាប់ឆ្នោតជា«ប្រធានក្រុមប្រឹក្សាជាតិ»ប្រឆាំងអំពើពុករលួយសម្រាប់អាណត្តិទី៤ ខណៈ លោក តុប សំ ត្រូវជាប់ឆ្នោតជាអនុប្រធាន។
បើតាមប្រភពដដែល បានគូសបញ្ជាក់ថា ក្រោយចេញនូវលទ្ធផលនេះ សម្តេច ម៉ែន សំអន បានប្តេជ្ញាសន្យាបំពេញភារកិច្ចដឹកនាំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ឱ្យបានល្អដូចអាណត្តិទី១ ទី២ និងទី៣កន្លងមក។
គួរបញ្ជាក់ថា ក្នុងអាណត្តិទី៤នេះ មានសមាជិកថ្មីចំនួន២រូបនៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ គឺ លោក ឡាយ សំកុល ក៏ត្រូវបានជ្រើស តាំងដោយព្រឹទ្ធសភា និង លោក ជីវ កេង ក៏ជ្រើសតាំងចេញពីគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌៕