681 ezgif.com resize
Swift cc time

ហ្វីលីពីនសម្រេចបិទការនាំចូល«ស្រូវអង្ករ»ពីប្រទេសថៃរយៈពេល៦០ថ្ងៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ហ្វីលីពីន៖ ប្រទេសហ្វីលីពីនសម្រេចបិទការនាំចូលទំនិញស្រូវអង្ករពីប្រទេសថៃជាធរមានរយៈពេល ៦០ថ្ងៃចាប់ពីថ្ងៃទី ១ ខែកញ្ញា ដល់ថ្ងៃទី ៣០ ខែតុលា ចំណាត់ការរបស់ហ្វីលីពីននេះធ្វើឡើងដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃតម្លៃស្រូវអង្ករធ្លាក់ចុះក្នុងរដូវប្រមូលផលក្នុងស្រុករបស់ខ្លួន។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ហ្វីលីពីនប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បានប្រកាសជាផ្លូវការបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា លោកនឹងបញ្ជាឱ្យផ្អាកការនាំចូលអង្កររយៈពេល ៦០ថ្ងៃ ចាប់ពីថ្ងៃទី ១ ខែកញ្ញា ដល់ថ្ងៃទី ៣០ ខែតុលា ដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃតម្លៃស្រូវធ្លាក់ចុះក្នុងរដូវប្រមូលផល។

ចំណាត់ការនេះធ្វើឡើងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មលោក Francisco Tiu Laurel ដែលបានផ្តល់អនុសាសន៍ឱ្យបញ្ឈប់ជាបណ្តោះអាសន្នចំពោះការនាំចូលអង្ករពីប្រទេសថៃ។នាយកដ្ឋានកសិកម្មហ្វីលីពីន (DA) បានរាយការណ៍ថា ទីផ្សារអង្ករក្នុងស្រុកបានរងសម្ពាធធ្លាក់ចុះតម្លៃក្រោយពីអង្ករនាំចូលថោកជាងក្នុងស្រុក ដោយបង្ខំឱ្យឈ្មួញមួយចំនួនទិញស្រូវពីកសិករក្នុងតម្លៃត្រឹមតែ ៩-១០ ប៉េសូក្នុងមួយគីឡូក្រាម (៥០០-៧០០រៀលក្នុងមួយគីឡូក្រាម)។កសិករហ្វីលីពីនបានបន្ទោសការហូរចូលនៃការនាំចូលថោកថាជាមូលហេតុចម្បងដែលធ្វើឱ្យតម្លៃស្រូវធ្លាក់ចុះ។

ជាការឆ្លើយតបការិយាល័យកិច្ចការពាណិជ្ជកម្មរបស់ប្រទេសថៃនៅទីក្រុងម៉ានីលចាត់ទុកការផ្អាកនេះអនុវត្តចំពោះអង្ករធម្មតា ហើយអង្ករនិងស្រូវមួយចំនួននៅតែអាចនាំចូលធម្មតា។ភាគីពាក់ព័ន្ធក្នុងឧស្សាហកម្មបានកត់សម្គាល់ថា ការកាត់បន្ថយការនាំចូលនឹងបង្កើនការពឹងផ្អែកលើការប្រមូលផលក្នុងស្រុក ដែលជំរុញឱ្យតម្លៃស្រូវរបស់កសិករកើនឡើង។

គួរកត់សម្គាល់ថាក្នុងឆ្នាំ ២០២៤ ប្រទេសថៃបាននាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីនមានតម្លៃ ៣៣៣ លានដុល្លារអាម៉េរិក កើនឡើង ៥៨.៦៩% ពីទិន្ន័យឆ្នាំចាស់ត្រឹមតែ ២១០.៤៥ លានដុល្លារក្នុងឆ្នាំ ២០២៣។ ក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ ២០២៥ (ខែមករា ដល់ខែមិថុនា) ប្រទេសថៃបាននាំចេញអង្ករប្រហែល ១៤១,០០០ តោនទៅកាន់ប្រទេសហ្វីលីពីន ដែលស្មើនឹង ៣.៧៨% នៃការនាំចេញអង្ករសរុបរបស់ប្រទេសខ្លួន៕ រក្សាសិទ្ធិអត្ថប្រែសម្រួលដោយ៖ 

Khcct banner

អត្ថបទទាក់ទង