ភ្នំពេញ៖ លោក Anwa Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានជជែកតាមទូរស័ព្ទជាមួយសម្តេច ហ៊ុន ម៉ាណែត ពីក្រុមអង្កេតការណ៍បណ្តោះអាសន្នរបស់អាស៊ាន (IOT) ដើម្បីតាមដានស្ថានភាពព្រំដែនកម្ពុជាថៃ និង អង្កេតការអនុវត្តបទឈប់បាញ់រវាងប្រទេសទាំងពីរ។
យោងតាមគេហទំព័រផ្លូវការនៃនាយករដ្ឋមន្រ្តីនៃម៉ាឡេស៊ី Anwa Ibrahim បានឱ្យដឹងថា លោកបានជជែកតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត និង នាយករដ្ឋមន្រ្តីស្តីទីថៃ Phumtham Wechayachai ដើម្បីពិភាក្សាពីស្ថានភាពបច្ចុប្បន្ននៃការអនុវត្តបទឈប់បាញ់រវាងប្រទេសទាំងពីរ។
បើតាមប្រភពដដែល នៅក្នុងការជជែកនេះ នាយករដ្ឋមន្រ្តីរូបនេះ បានសង្កត់ធ្ងន់ទៅលើការខិតខំប្រឹងប្រែងនៃ ក្រុមអង្កេតការណ៍បណ្តោះអាសន្នរបស់អាស៊ាន (IOT) ក្នុងការបន្តសកម្មភាពតាមដានស្ថានភាពព្រំដែនកម្ពុជាថៃ ដើម្បីធ្វើឱ្យប្រទេសទាំងពីរប្រកាន់ខ្ជាប់នូវការអនុវត្តបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌបានពេញលេញ ដូចដែលបានព្រមព្រៀងកាលពីថ្ងៃ ២៨ កក្កដា ២០២៥។ បន្ថែមពីនេះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានគូសបញ្ជាក់ថា កិច្ចប្រជុំ GBC ប្រព្រឹត្តទៅនៅខែក្រោយ៕