ភ្នំពេញ៖អនុប្រធានទី១ អាជ្ញាធរមីនលោកបណ្ឌិត លី ធុជ នៅថ្ងៃទី១៨ ខែសីហានេះ បានថ្លែងចាត់ទុកការគ្រោះថ្នាក់របស់ទាហានថៃដោយផ្ទុះមីន គឺដោយសារក្រុមទាហានទាំងអស់នោះដើរឈ្លានពានចូលក្នុងដែនអធិបតេយ្យរបស់ប្រទេសកម្ពុជា។ជាមួយគ្នានោះ អាជ្ញាធរមីន បានប្រកាសច្រានចោលចំពោះការចោទរបស់ភាគីថៃ ដែលថា កម្ពុជាបានលួចដាក់គ្រាប់មីនថ្មី បំពាន(អនុសញ្ញាអូតាវ៉ា)។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី ការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ មកលើកម្ពុជា អំពីការដាក់មីនថ្មី និងជំហរកម្ពុជា ក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញាហាមប្រាម ការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ថា ទឹកដីប្រទេសកម្ពុជានៅតាមព្រំដែនកម្ពុជា-ថៃ គឺសំបូរទៅដោយគ្រាប់មីនដែលសេសសល់ពីសម័យសង្គ្រាម ហើយហេតុការណ៍នៃការគ្រោះថ្នាក់របស់កងទ័ពថៃ គឺដោយសារដើរល្បាតឈ្លានពានចូលទឹកដីរបស់កម្ពុជា។
បើតាមអាជ្ញាធរមីន កម្ពុជាជាប្រទេសរងគ្រោះដោយសារគ្រាប់ និង បានចាប់ដៃជាមួយប្រទេសជាច្រើន ជាពិសេសអង្គភាពស៊ីម៉ាក់ តែងផ្ដល់បទពិសោធន៍មេរៀនសំខាន់ៗ ជូនដល់បណ្ដាប្រទេសមួយចំនួន ដែលមានបញ្ហាគ្រាប់មីន។លោក អំពាវនាវដល់ភាគីថៃ បញ្ចប់នូវមហិច្ឆិតាបំពានកម្ពុជា ហើយស្នើសុំដល់ភាគីថៃ ចាប់ផ្ដើមកកសាងសន្តិភាព មិត្តភាពទំនាក់ទំនងល្អ និង រួមគ្នាកសាង លើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ។
លោកបណ្ឌិត លី ធុជ បានសង្កត់ធ្ងន់ថា កម្ពុជានៅតែបន្តបើកទ្វារង់ចាំ ការសហការដោះស្រាយ ក្នុងការងារបោសសំអាតគ្រាប់មីន នៅតាមព្រំដែនជាមួយភាគីថៃ នៅពេលមានការកំណត់បន្ទាប់ព្រំដែនច្បាស់លាស់៕