681 ezgif.com resize
Swift cc time

លោក ហ៊ុន ម៉ានី បន្តជំរុញពលរដ្ឋខ្មែរពង្រឹង«ស្មារតីសាមគ្គីជាតិ»គាំទ្រវិធានការរដ្ឋាភិបាលនិងកងទ័ព

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ 

ភ្នំពេញ៖លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក នៅថ្ងៃទី ១៨ សីហានេះ បានបង្ហោះសារតាមបណ្តាញសង្គមផ្លូវការរបស់ខ្លួនដោយបានជំរុញឱ្យប្រជាពលរដ្ឋកម្ពុជា ត្រូវពង្រឹងស្មារតីសាមគ្គីភាពជាតិតែមួយ ដើម្បីការពារទឹកដី ការផ្តល់កម្លាំងចិត្ត និង ជំនឿទុកចិត្តដល់រាជរដ្ឋាភិបាល និង កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា។

យោងតាមបណ្តាញសង្គមផ្លូវការ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ពីការយល់ច្បាស់ពីអារម្មណ៍របស់ប្រជាពលរដ្ឋ ដែលចង់បង្ហាញស្មារតីស្នេហាជាតិ និង ការគាំទ្រ តាមរយៈ ការធ្វើពហិការផលិតផលថៃ ដោយសារការឈឺចាប់ សម្រាប់អ្វីដែលសង្រ្គាម នេះ បាននាំមកប្រទេស និង ប្រជាជនកម្ពុជា។សម្រាប់លោក ហ៊ុន ម៉ានី ថា " ទោះយ៉ាងណា យើងត្រូវប្រមូលស្មារតីរួមរបស់យើង ហើយកំណត់អោយច្បាស់ថា អ្នកណា ជាសត្រូវពិតប្រាកដ អ្នកណាដែលនាំ អោយសន្តិភាពនៅកម្ពុជាបាត់បង់តាំងពីថ្ងៃ ២៤ កក្កដា ២០២៥ ហើយមកដល់ពេលនេះមិនទាន់បានចប់ និងសន្តិភាពមិនទាន់បានវិលត្រឡប់មកវិញទាំងស្រុង។"

បើតាមលោក ហ៊ុន ម៉ានី ម៉ោងនេះ ពេលនេះ មិនត្រូវបង្វែរ ស្មារតី សំឡេង និងសកម្មភាព ទៅណាក្រៅតែពី ការពារទឹកដី ការផ្តល់កម្លាំងចិត្ត និងជំនឿទុកចិត្តដល់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើង គាំទ្រវិធានការរបស់រាជរដ្ឋាភិបាល សម្រាប់ការអនុវត្ត “បទឈប់បាញ់” “ដោះស្រាយបញ្ហាដោយសន្តិវិធី ឈានទៅដល់ ការដោះលែង ទាហានរបស់យើងទាំង១៨នាក់ដោយសុវត្ថិភាព” “ការបើកច្រកព្រំដែនដូចមុនថ្ងៃ៧ មិថុនា ២០២៥ ដើម្បីអោយពាណិជ្ជកម្មមានស្ថានភាពធម្មតា ជាពិសេសសម្រាប់បងប្អូនខ្មែរយើង ដែលឲ្យជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ អាចវិលត្រឡប់ទៅធម្មតាវិញ” “ហើយការបន្តអនុវត្ត MoU ឆ្នាំ២០០០ ដើម្បីឈានទៅបញ្ចប់ការបោះបង្គោលព្រំដែន រវាងប្រទេសទាំងពីរ ដើម្បីជាផលប្រយោជន៍សម្រាប់កូនខ្មែរគ្រប់ជំនាន់ទៅមុខ កុំអោយមានសង្គ្រាម និងការឈ្លានពានព្រំដែនជាថ្មីម្តងទៀត”។

លោកថា ខាងលើសុទ្ធតែជាអ្វី ដែលស្មារតីជាតិរបស់យើងទាំងអស់គ្នានាពេលនេះ គួរត្រូវផ្តោត ព្រោះសំឡេងរបស់យើងរួមគ្នា ក្នុងខឿនការពារជាតិប្រជាជន បានផ្តល់ជាកម្លាំង ថាមពលដ៏ក្លាំងក្លា ដល់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី និងកម្លាំងថាមពលដល់វីរៈកងទ័ពរបស់យើង សូមបន្តស្មារតីរួបរួមដ៏ខ្លាំងក្លានេះជានិរន្តរ គាំទ្ររាជរដ្ឋាភិបាល និងវីរៈកងទ័ពរបស់យើង ក្នុងបេសកកម្មការពារ ទឹកដី ដោះស្រាយបញ្ហាដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងភាពត្រឹមត្រូវរបស់កម្ពុជាយើង។

សារជាថ្មី ស្មារតី សំឡេង និងសកម្មភាពជួយគ្នា បង្ហាញនូវការគាំទ្ររបស់ប្រជាជនខ្មែរ ទាំងក្នុង និងក្រៅប្រទេស មិត្តភក្តិអន្តរជាតិដែលបានយល់ច្បាស់ និងបង្ហាញការគាំទ្រមកដល់ប្រទេសកម្ពុជា ទាំងអស់នេះហើយដែល ជាកម្លាំងពិតប្រាកដរបស់យើង ហើយ កម្លាំងនេះហើយដែលជាថាមពល ដល់រាជរដ្ឋាភិបាលនិងកងកម្លាំងរបស់យើងដើម្បី ដោះស្រាយ និងបញ្ចប់សង្រ្គាមមួយនេះ។ ការពហិការមិនប្រើប្រាស់ផលិតផលថៃ ដែលចេញមកពីការឈឺចាប់របស់បងប្អូនមួយចំនួន មិនខុសទេ ហើយខ្ញុំក៏យល់ តែយើងត្រូវគិតគូរបន្ថែមដូចអ្វីដែលពសម្តេចតេជោ/ពុកបានលើកឡើងនៅក្នុងសារខាងក្រោមរបស់គាត់។ ច្បាស់ណាស់យើងត្រូវតែបន្តពង្រឹងសមត្ថភាពខ្លួនឯង ហើយច្បាស់ណាស់ថាយើងត្រូវធ្វើអ្វីៗដើម្បីការពារ ពង្រឹង និងពង្រីក ផលប្រយោជន៍ជាតិយើង ថ្ងៃនេះតទៅមុខ និងកាត់បន្ថយសកម្មភាពណាដែលអាចប៉ះពាល់ដល់ភាពរឹងមាំរបស់យើង ទាំងពេលបច្ចុប្បន្ន រយៈពេលមធ្យម និងវែងឆ្ងាយទៅមុខ៕

Khcct banner

អត្ថបទទាក់ទង