ភ្នំពេញ៖ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានព្រះរាជទាន ព្រះរាជសារអបអរសាទរ លោកស្រី ពេជ ចន្ទមុន្នី ក្នុងឱកាសត្រូវបានរដ្ឋាភិបាលនៃប្រទេសសិង្ហបុរីប្រគល់ជូននូវ ពានរង្វាន់ “Smile Asia Philanthropic Visionary Award” លើកទី ២ នៅក្នុងកម្មវិធី “Smile Asia Charity Gala 2025”។
ព្រះមហាក្សត្រ បានកោតសរសើរដ៏កក់ក្តៅ ជូនលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ដែលមានគុណបំណាច់ដ៏ថ្លៃថ្លា បាននាំមកនូវមហាកិត្តិយសដ៏ឧត្តុង្គឧត្តម សម្រាប់ប្រជាជនកម្ពុជា និងបានលើកកម្ពស់កិត្យានុភាពជាតិ មាតុភូមិនៅលើឆាកអន្តរជាតិ។ លោកស្រីបណ្ឌិត ជាកុលធីតាជាតិដ៏ឆ្នើមមួយរូប ដែលមានស្នាដៃដ៏ល្អប្រសើរ និងការ ដឹកនាំប្រកបដោយចក្ខុវិស័យ ព្រមទាំងការយកចិត្តទុកដាក់ចំពោះសុខភាព និងសុខុមាលភាព របស់កុមារ ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។
គួរបញ្ជាក់ថា ពានរង្វាន់ “Smile Asia Philanthropic Visionary Award” បង្កើតឡើងដើម្បីផ្ដល់ជូនជាកិត្តិយសដល់បុគ្គលឆ្នើមរូបណា ដែលបានចូលរួមចំណែកសំខាន់ក្នុងសង្គមលើ វិស័យថែទាំសុខភាព ហើយពានរង្វាន់នេះជាលើកដំបូងត្រូវបានប្រគល់ថ្វាយជូន ម្ចាស់ក្សត្រីនៃប្រទេសប៊ូតង់។ចំពោះការប្រគល់ពានរង្វាន់លើកទី ២ នេះជូនលោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី គឺជាការទទួលស្គាល់នូវ ស្នាដៃ សមិទ្ធផល និង ការដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោកជំទាវបណ្ឌិត ចំពោះអង្គការ Smile Cambodia ក៏ដូចជា ការយកចិត្តទុកដាក់ចំពោះសុខភាព និង សុខុមាលភាពរបស់កុមារ ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ៕