681 ezgif.com resize
Swift cc time

គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) ធ្វើការតវ៉ាប្រឆាំងដាច់អហង្ការចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃ

នយោបាយ
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) ធ្វើការតវ៉ាប្រឆាំងដាច់អហង្ការចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃ មកលើបូរណភាពទឹកដីកម្ពុជាដោយបានរាយបន្លាលួស សំណាញ់ រនាំងនិងដាក់កងឡានលើកំណាត់ខ្សែព្រំដែននៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

យោងតាមសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី ១៤​ សីហា ២០២៥ របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) ថៃបានធ្វើសកម្មភាពរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជាជាច្រើនលើកច្រើនសារ ក្រោយបានព្រមព្រៀងគ្នា១៣ចំណុច កាលពីថ្ងៃ ២៨ កក្កដា ២០២៥ នៅម៉ាឡេស៊ីក៏ដោយ។ សកម្មភាពទាំងនោះ រួមមានការរាយបន្លាលួស សំណាញ់ រនាំង និងដាក់ កង់ឡាន នៅទីតាំងផ្សេងគ្នា ក្នុងខេត្តបន្ទាយមានជ័យ។

នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ យោធាថៃបានរាយបន្លាលួស សំណាញ់ រនាំង និងដាក់ កង់ឡាន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 46-47 ស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ចំំណែកឯ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ យោធាថៃបានរាយបន្លាលួស សំណាញ់ រនាំង និង ដាក់កង់ឡាន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-43 ស្ថិតក្នុងភូមិព្រៃចាន់ នោះឃុំ ស្រុកដដែលនេះ។

បើតាមគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា ឈានមកដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ យោធាថៃបានប៉ុនប៉ងធ្វើសកម្មភាពរាយបន្លាលួស សំណាញ់ រនាំង និងដាក់កង់ឡាន នៅបរិវេណច្រកទ្វារព្រំដែនបឹងត្រកួន នៅកំណាត់ខ្សែព្រំដែន ស្ថិតក្នុងភូមិពីរផ្សេងទៀតគឺ ភូមិបន្ទាយមានឬទ្ធិ និងភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ប៉ុន្តែដោយឃើញមានវត្តមានប្រជាពលរដ្ឋ និងកងកម្លាំងកម្ពុជា ព្រមទាំង អនុព័ន្ធយោធាបរទេសចុះសង្កេតការណ៍នៅតំបន់នេះ យោធាថៃក៏សម្រេចបញ្ឈប់សកម្មភាព និង ដកថយត្រឡប់ទៅវិញ។

គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) បានគូសបញ្ជាក់ថា សកម្មភាពទន្ទ្រានកាន់កាប់យកដី ជាឯកតោភាគីរបស់យោធាថៃ តាមរយៈការរាយបន្លាលួស សំណាញ់ រនាំង និងដាក់កង់ឡាន នៅកំណាត់ខ្សែព្រំដែនខាងលើនេះ គឺជាសកម្មភាពរំលោភលើស្មារតីនៃ MOU ឆ្នាំ២០០០ និងច្បាប់អន្តរជាតិ ជាពិសេសរំលោភលើសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) ព្រមទាំងបំផ្លាញលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក និងដំណើរការ នៃការចរចារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ។

គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) តវ៉ាប្រឆាំងដាច់អហង្ការ ចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃ និងទាមទារឱ្យថៃរុះរើជាបន្ទាន់នូវបន្លាលួស សំណាញ់ និងកង់ឡាន ព្រមទាំងចាត់វិធានការទប់ស្កាត់កុំឱ្យកើតមានសកម្មភាពរំលោភបំពានបែបនេះតទៅទៀត នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ៕

Khcct banner

អត្ថបទទាក់ទង