681 ezgif.com resize
Swift cc time

សមត្ថកិច្ច«ឃាត់ខ្លួន»ជនសង្ស័យ៤នាក់ ឆបោកភ្ញៀវទេសចរឱ្យទិញឱសថរុក្ខជាតិជួយស្រកគីឡូ និងដុះសក់ឡើងវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

សៀមរាប៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យ៤នាក់ ដែលពាក់ព័ន្ធករណី ឆបោក លួងលោមភ្ញៀវទេសចរឱ្យទិញឱសថរុក្ខជាតិ អាចជួយឱ្យស្រកទម្ងន់ ស្រកក្បាលពោះ ឬអាចជួយឱ្យដុះសក់វិញបាន ស្ថិតនៅក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះដល់ទីតាំងហាងឱសថធម្មជាតិថៃ ស្ថិតនៅក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងបានធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន ០៤នាក់ រួមទាំងវត្ថុតាងមួយចំនួន។ ជនសង្ស័យទាំង៤នាក់ ជាជនជាតិប៉ាគីស្ថាន បច្ចុប្បន្នស្នាក់នៅសណ្ឋាគារ Angkor Hotel Indian and Restaurant ដែលស្ថិតនៅក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យបានសារភាពថា កន្លងមកបក្ខពួកខ្លួនតែងតែធ្វើសកម្មភាពទំនាក់ទំនងលួងលោមភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរដោយថ្មើរជើងដែលមានរាងធាត់ មានក្បាលពោះ ឬក្បាលទំពែក ឱ្យចូលទៅទិញផលិតផលឱសថរុក្ខជាតិនៅហាងរបស់ខ្លួន ដោយអះអាងថាពួកគេមកពីទីក្រុងឌូបៃ ពួកគេមានឱសថរុក្ខជាតិដែលមានប្រសិទ្ធភាពខ្ពស់ អាចជួយឱ្យស្រកទម្ងន់ ស្រកក្បាលពោះ ឬអាចជួយឱ្យដុះសក់វិញបាន ហើយតម្រូវឱ្យភ្ញៀវបង់ប្រាក់ឱ្យពួកគេចំនួនចន្លោះពី ៦០ដុល្លារ-៤៥០ដុល្លារ នៅចំណុចតាមបណ្តោយផ្លូវស៊ីវត្ថា ចាប់ពីស្តុបឡាប៉េ រហូតដល់ផ្សារត្រីកោណ ក្នុងតំបន់ផាប់ស្រ្ទីត។

តាមការពិតឱសថរុក្ខជាតិទាំងអស់នេះ ជារុក្ខជាតិធម្មតា ដែលពួកគេបានទិញពីផ្សារនៅក្នុងក្រុងសៀមរាប មិនមែនជាឱសថរុក្ខជាតិពិតប្រាកដដូចដែលពួកគេបានបង្ហាញនិងរៀបរាប់ប្រាប់ភ្ញៀវនោះឡើយ។ បច្ចុប្បន្នក្រុមជនសង្ស័យទាំង០៤នាក់ខាងលើព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប៕

Khcct banner

អត្ថបទទាក់ទង