681 ezgif.com resize
Swift cc time

វិនិយោគិនចិនចាប់អារម្មណ៍វិនិយោគក្នុងវិស័យឧស្សាហកម្មឈើដាំ និងវិស័យកម្មន្តសាលវាយនភណ្ឌនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)

ភ្នំពេញ៖ គណៈប្រតិភូវិនិយោគិនចិន មកពីទីក្រុងប៉េកាំង និងខេត្តអានហួយ នៃសាធារណរដ្ឋប្រជាមានិតចិន បានជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្វែងយល់បន្ថែមពីបរិយាកាសវិនិយោគ ពិសេស ការវិនិយោគក្នុងវិស័យឧស្សាហកម្មឈើដាំ និងការវិនិយោគក្នុងវិស័យកម្មន្តសាលវាយនភណ្ឌពីដើមទីដល់ចុងទី។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងរវាងលោក លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូវិនិយោគិនចិន នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។

នាឱកាសនេះ លោក លឹម វិសាល បានលើកឡើងអំពីស្ថានភាពទូទៅនៃការវិនិយោគនៅកម្ពុជា ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ ព្រមទាំងបានធ្វើការអត្ថាធិប្បាយលម្អិតអំពីរបបលើកទឹកចិត្តវិនិយោគ។ ទន្ទឹមនេះ លោកក៏បានគូសបញ្ជាក់អំពីយន្តការកិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជននៃបណ្តាប្រទេសមួយចំនួនក្រោមការរៀបចំរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែទាំវិនិយោគ និងទាក់ទាញវិនិយោគ។

តំណាងគណៈប្រតិភូវិនិយោគិនចិន បានបញ្ជាក់ថា គោលបំណងរបស់គណៈប្រតិភូដែលមកទស្សនកិច្ចនៅកម្ពុជាគឺដើម្បីស្វែងយល់បន្ថែមពីបរិយាកាសវិនិយោគ ពិសេស ការវិនិយោគក្នុងវិស័យឧស្សាហកម្មឈើដាំ និងការវិនិយោគក្នុងវិស័យកម្មន្តសាលវាយនភណ្ឌពីដើមទីដល់ចុងទី។

លោកអគ្គលេខាធិការរង បានសម្តែងនូវការស្វាគមន៍និងគាំទ្រគម្រោងវិនិយោគដែលគណៈប្រតិភូមានបំណងបណ្តាក់ទុននៅកម្ពុជា ព្រោះគម្រោងទាំងពីរនេះជាប្រភេទគម្រោងដែលទទួលបានការលើកទឹកចិត្តដូចមានចែងក្នុងច្បាប់និងបទប្បញ្ញត្តិជាធរមាន។

លោកបន្តថា ការវិនិយោគក្នុងកម្មន្តសាលវាយនភណ្ឌពីដើមទីដល់ចុងទី (ការផលិតក្រណាត់ ឡេវ រហូតដល់ចេញជាសម្លៀកបំពាក់) ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញលើកទឹកចិត្តឱ្យមានការផលិតវត្ថុធាតុដើមក្នុងស្រុកឱ្យបានច្រើនជាអតិបរិមាដើម្បីបង្កើនតម្លៃបន្ថែម និងបំពេញតម្រូវការទីផ្សារនាំចេញ ជាពិសេស នៅពេលដែលកម្ពុជាចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅចុងឆ្នាំ២០២៩ខាងមុខនេះ ដែលវិធានប្រភពដើមទំនិញសម្រាប់ការនាំចេញទៅកាន់ទីផ្សារសហគមន៍អឺរ៉ុបនឹងទាមទារឱ្យមានការបម្លែងពីរដំណាក់កាល (double transformation)៕


Khcct banner

អត្ថបទទាក់ទង