សៀមរាប៖ អាជ្ញាធរជាតិអប្សរាតាមរយៈនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បាននិងកំពុងសាងសង់ជណ្តើរថ្មីចំនួន៧ទីតាំង ដើម្បីសម្រួលដល់ភ្ញៀវទេសចរឡើងទៅទស្សនា ជាន់ទីបីនៃប្រាសាទបាយ័ន ដែលគ្រោងនឹងបើកឱ្យចូលទស្សនាឡើងវិញឆាប់ៗ។ ជណ្តើរបេតុងថ្មីនេះមានប្រវែងចន្លោះពី៦ម៉ែត្រ ទៅជាង៦ម៉ែត្រ និងមានការរចនាមិនឱ្យមានភាពរអិលនៅពេលឡើងចុះ ហើយបច្ចុប្បន្ន ជណ្តើរនេះដំឡើងបានចំនួន៤ទីតាំងរួចហើយ។ គម្រោងនេះ នឹងបញ្ចប់ទាំងស្រុងនៅក្នុងខែតុលាខាងមុខ។
លោក ហេង ប៊ុនណារ៉ា បុគ្គលិកបច្ចេកទេសនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានឱ្យដឹងថា ជណ្តើរថ្មីនេះសង់ពីបេតុង បង្កាន់ដៃដែកស្រោបឈើ។ លោកបន្ថែមថា គោលបំណងសំខាន់នៃការរៀបចំនេះ ដើម្បីសម្រួលដល់ការឡើងទស្សនារបស់ភ្ញៀវទេសចរ ខណៈដែលជណ្តើរចាស់មានភាពទ្រុឌទ្រោមខ្លាំង។ លោកបន្តថា ស្របពេលដែលអាជ្ញាធរជាតិ គ្រោងបើកជាន់ទីបី ឬកំពូលប្រាសាទបាយ័ន ឱ្យទេសចរឡើងទស្សនាឡើងវិញនាពេលឆាប់ៗខាងមុខ បន្ទាប់ពីគម្រោងជួសជុលបានរួចរាល់មួយផ្នែកធំហើយ។
តាមការរៀបរាប់របស់លោក ហេង ប៊ុនណារ៉ា ជណ្តើរបេតុងថ្មីនេះមានប្រវែងចន្លោះពី៦ម៉ែត្រ ទៅជាង៦ម៉ែត្រ និងមានការរចនាមិនឱ្យមានភាពរអិលនៅពេលឡើងចុះ។ បច្ចុប្បន្ន ជណ្តើរនេះដំឡើងបានចំនួន៤ទីតាំងរួចហើយ គឺនៅជ្រុងខាងកើត ខាងជើង និងខាងលិច។ គម្រោងនេះ គ្រោងនឹងបញ្ចប់ទាំងស្រុងនៅក្នុងខែតុលាខាងមុខ៕