681 ezgif.com resize
Swift cc time

ក្រសួងការបរទេសកម្ពុជា៖ ថៃកំពុងយកបញ្ហាផ្ទុះមីន ដើម្បីប៉ុនប៉ងបង្កើតភាពតានតឹងព្រំដែនកម្ពុជា-ថៃឡើងវិញ

នយោបាយ
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃ ១៣ សីហា ២០២៥ បានចេញសេចក្តីថ្លែងការណ៍ ច្រានចោលការចោទប្រកាន់ ដែលក្រសួងការបរទេសថៃ​ថា កម្ពុជាបានដាក់«គ្រាប់មីនថ្មី» នៅតាមព្រំដែនកម្ពុជាថៃ លើទីតាំង ក្នុងតំបន់ប្រាសាទតាមាន់ធំ តំបន់មុំបី អានសេះ និងតាសឹម ដែលបានផ្ទុះបណ្តាលឱ្យទាហានថៃរងរបួស។ ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា អ្វីដែលក្រសួងការបរទេសថៃលើកឡើងជាការប្រឌិតឡើង គ្មានភ័ស្តុតាង ដើម្បីបង្វែរការយកចិត្តទុកដាក់ចេញពីការបំពានរបស់ថៃទៅលើបទឈប់បាញ់ និងច្បាប់អន្តរជាតិប៉ុណ្ណោះ។

យោងតាមសេចក្តីថ្លែងការណ៍នៃក្រសួងការបរទេសកម្ពុជា នាថ្ងៃទី ១៣ សីហា ២០២៥ បានឆ្លើយតបនឹងការចោទប្រកាន់របស់ក្រសួងការបរទេសថៃ ដែលបានផ្សាយនៅថ្ងៃ ១០ សីហា ចោទមកលើកម្ពុជាដោយគ្មានមូលដ្ឋាន ពាក់ព័ន្ធនឹងការផ្ទុះគ្រាប់មីន បណ្តាលឱ្យទាហានថៃរងរបួស ថាកម្ពុជាជាអ្នកដែលបានដាក់គ្រាប់មីនទាំងនោះ។ ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ឧប្បត្តិហេតុផ្ទុះមីននេះ ពិតជាមិនអាចកើតឡើងបានឡើយបើយោធាថៃមិនចល័តកម្លាំង និងធ្វើប្រតិបត្តិការក្នុងតំបន់ដែលមានការដឹងលឺថាជា«តំបន់មានមីន» ដែលត្រូវបានចុះបញ្ជីជាយូរណាស់មកហើយ ដោយភ្នាក់ងារដោះមីនជាតិ និងអន្តរជាតិ ដែលជាចំការមីន ដែលសល់តាំងពីជម្លោះផ្ទៃក្នុងរបស់កម្ពុជាក្នុងទសវត្យរ៍ឆ្នាំ១៩៧០ និង ១៩៨០។

ក្រសួងការបរទេសកម្ពុជា ចាត់ទុកការចោទប្រកាន់ម្តងហើយម្តងទៀតរបស់ថៃដែលថាកម្ពុជាបានដាក់គ្រាប់មីនថ្មី គឺជារឿងមិនពិត និងជាការប៉ុនប៉ងបង្កើតភាពតានតឹង ខណៈប្រទេសទាំងពីរគួរតែធ្វើការរួមគ្នា ដើម្បីរក្សាបទឈប់បាញ់ដ៏ផុយស្រួយបំផុត បន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់នៅថ្ងៃទី ២៨ កក្កដា ២០២៥ និងកិច្ចប្រជុំ GBC នៅថ្ងៃ ៧ សីហា ២០២៥។ ការណ៍ដែលថៃបានចល័តទ័ព ជាការបំពានលើកំណត់ហេតុកិច្ចព្រមព្រៀងនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មការធិការព្រំដែនទូទៅកាលពីថ្ងៃទី ៧ សីហា ២០២៥ ដែលបានកំណត់យ៉ាងច្បាស់ថាមិនឱ្យមានការធ្វើចលនាកម្លាំង ឬ ដើរល្បាតហួសទីតាំងបច្ចុប្បន្នរបស់ខ្លួន។

ក្រសួងការបរទេសកម្ពុជា បន្តអំពាវនាវ​ដល់ប្រទេសម៉ាឡេស៊ី ព្រមទាំងភាគីឯទៀតដែលបានសហការសម្របសម្រួលបទឈប់បាញ់ ជួយពន្លឿនការបង្កើតយន្តការត្រួចពិនិត្យដ៏រឹងមាំ មិនលម្អៀង និង​ឯករាជ្យ ដើម្បីធានាបាននូវការគោរពពេញលេញចំពោះបទឈប់បាញ់ ដែលបានព្រមព្រៀងគ្នារួចហើយ ទប់ស្កាត់ភាពតានតឹង និងជៀសវាងការបង្កគ្រោះថ្នាក់បន្ថែមទៀតដល់អាយុជីវិតរបស់កងកម្លាំងប្រដាប់អាវុធ និងប្រជាជនស៊ីវិល៕


Khcct banner

អត្ថបទទាក់ទង