ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេសចំនួន ៦ ដែលមាននិវេសន្នដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា ដោយមានសមាជិកសរុបចំនួន ៧ប្រទេស នៅថ្ងៃទី ១៤ សីហានេះ បានចេញដំណើរទៅកាន់ទីតាំងជាក់ស្តែងផ្សេងៗ ដើម្បី សង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន ដែលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ។
ក្រុមអនុព័ន្ធយោធាទាំង៧នាក់នោះ មកពី ម៉ាឡេស៊ី ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និង វៀតណាម ដែលនឹងចុះទៅទីតាំងជាក់ស្តែងមាន ខេត្តបាត់ដំបង (យោធភូមិភាគទី៥) ២-ខេត្តបន្ទាយមានជ័យ៖ ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកអូបីជាន់( ភូមិជោគជ័យ) និង ច្រកបឹងត្រកួន ៣- ខេត្តព្រះវិហារ (ច្រកព្រំដែនអានសេះ)
បេសកកម្មនេះ បានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានបញ្ចប់កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបង្កើតឱ្យមានក្រុម IOT។
ក្រសួងការពារជាតិកម្ពុជា បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ចំពោះគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងរក្សាឱ្យបាននូវអធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ៕