ភ្នំពេញ៖ ចំនួនភ្ញៀវទេសចរជនជាតិចិនដែលបានមកទស្សនាប្រទេសកម្ពុជាសម្រាប់រយៈពេល ៧ខែដើមឆ្នាំ ២០២៥នេះ គឺមានចំនួនសរុបប្រមាណ ៦៨៧ ៥០៩ នាក់ មានកំណើន ៤៨,២ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់ពីលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មកកាន់សារព័ត៌មានស៊ីស៊ីថាមស៍នាថ្ងៃទី១៣សីហានេះ។
បើតាមលោក ហួត ហាក់ ចំពោះខែកក្កដាឆ្នាំ២០២៥នេះ កម្ពុជាក៏នៅតែទទួលបានភ្ញៀវទេសចរជនជាតិចិនស្ថិតនៅក្នុងលំដាប់ទីមួយដែលមានចំនួនប្រមាណ ១០ ៧៣៨ នាក់ មានកំណើន ៣៥ ភាគរយ ធៀបនឹងខែកក្កដាកាលពីឆ្នាំ២០២៤។
លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបញ្ជាក់ថា ប្រមុខថ្នាក់ដឹកនាំប្រទេសកម្ពុជា មានផែនការជាច្រើនក្នុងការជំរុញ និងទាក់ទាញភ្ញៀវទេសចរជនជាតិចិនឱ្យមកទស្សនានៅកម្ពុជា ដោយក្នុងឆ្នាំ២០២៥នេះគឺជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នាតាមរយៈការប្រារព្ធពិធីបើកឆ្នាំទេសចរណ៍កម្ពុជា-ចិន ក្នុងឆ្នាំ២០២៥នេះ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២៥ ហើយបន្តរហូតដល់ថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២៦ ទើបបញ្ចប់។
រដ្ឋមន្រ្តីរូបនេះបន្ថែមថា ចំពោះផែនការសកម្មភាព ដែលក្រសួងទេសចរណ៍បានដាក់ចេញសម្រាប់ទាក់ទាញ និងជំរុញកំណើនភ្ញៀវទេសចរចិនមកកម្ពុជាមានដូចជា៖ គម្រោងរៀបចំពិធីបុណ្យតន្ត្រីទេសចរណ៍អន្តរជាតិ Music festival កម្ពុជា-ចិន អមដោយព្រឹត្តិការណ៍បង្ហាញវប្បធម៌តន្ត្រីចម្រុះរវាងកម្ពុជា និងចិន។ មួយវិញទៀតគឺការរៀបចំមហោស្រពសិល្បៈតាមដងផ្លូវអន្តរជាតិ (Street Art Performance) កម្ពុជា-ចិន, មហោស្របក្បាច់គុណចម្រុះកម្ពុជា-ចិន, ព្រឹត្តិការណ៍ផ្សព្វផ្សាយការទូតទេសចរណ៍ម្ហូបអាហារកម្ពុជា-ចិន, ព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍ភាពយន្តកម្ពុជា-ចិន និងព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀត។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបញ្ជាក់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាពក្រោមដំបូលដ៏ត្រជាក់នៃសុខសន្តិភាព កម្ពុជានៅតែជាគោលដៅទេសចរណ៍ដែលគួរជាទីទស្សនាបំផុតក្នុងចំណោមគោលដៅទេសចរណ៍ល្បីៗជាច្រើននៅជុំវិញពិភពលោក៕