ភ្នំពេញ៖ កម្ពុជា បានដាក់ជូនយ៉ាងជោគជ័យនូវផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) ទៅកាន់អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ដើម្បីកំណត់ការកើនឡើងកម្តៅផែនដី ឱ្យនៅក្រោមកម្រិត ២ អាង្សារសែសស៊ុស និងខិតខំបន្តឲ្យនៅក្រោម១.៥ អាង្សារសែសស៊ុស ធៀបនឹងកម្រិតមុនបដិវត្តន៍ឧស្សាហកម្ម។
បើតាមក្រសួងបរិស្ថានកម្ពុជា NDC 3.0 របស់កម្ពុជាបានគូសបញ្ជាក់អំពីការពង្រឹងគោលដៅក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ យុទ្ធសាស្ត្រតាមវិស័យ និងការអនុវត្តវិធានការឆ្លើយតបដែលឆ្លុះបញ្ចាំងពីមហិច្ឆតារបស់កម្ពុជាក្នុងដំណើរឆ្ពោះទៅរកមាគ៌ានៃការអភិវឌ្ឍដែលបញ្ចេញកាបូនតិច និងធន់នឹងអាកាសធាតុ។
បើតាមប្រភពដដែល NDC 3.0 ត្រូវបានរៀបចំឡើងដោយផ្អែកលើ NDCs ដែលបានរៀបចំកន្លងមក ដោយមានការរួមបញ្ចូលនូវបទពិសោធន៍ គោលនយោបាយថ្មីៗ ការវិភាគវិទ្យាសាស្ត្រ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធប្រកបដោយបរិយាបន្ន។ NDC 3.0 មានគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥% ឬស្មើនឹងប្រមាណ ៧៣.៧ MtCO2e (លានតោននៃសមមូលឧស្ម័នកាបូនិក) នៅឆ្នាំ ២០៣៥ ក្រោមសេណារីយ៉ូមានលក្ខខណ្ឌ។
ក្នុងដំណើរការនេះ កម្ពុជាត្រូវការថវិកាប្រមាណ ៣២.២២៩ ពាន់លានដុល្លារអាម៉េរិក ដើម្បីសម្រេចនូវសកម្មភាពអាកាសធាតុ ទាំងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងការចូលរួមសកម្មភាពនេះ កម្ពុជានៅតែបន្តប្តេជ្ញាចិត្តឥតងាករេក្នុងការចូលរួមចំណែកកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីកំណត់ការកើនឡើងកម្តៅផែនដីឱ្យនៅក្រោមកម្រិត ២ អាង្សារសែសស៊ុស និងបន្តកិច្ចខិតខំប្រឹងប្រែងនានាសំដៅកំណត់ការកើនឡើងសីតុណ្ហភាពក្រោម ១.៥ អាង្សារសែសស៊ុស ធៀបនឹងកម្រិតមុនបដិវត្តន៍ឧស្សាហកម្ម៕