ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានសម្រេចផ្ញើលិខិតដោយឡែកផ្សេងគ្នាទៅកាន់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ (UNSC) និងទៅ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres ដើម្បីរាយការណ៍ប្រាប់ពីការគំរាមកំហែង ចំពោះបទឈប់បាញ់ កាន់តែធ្ងន់ធ្ងរឡើង ដោយសារតែភាគីថៃ បានរំលោភបំពានលើដែនអធិបតេយ្យកម្ពុជាជាបន្តបន្ទាប់។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានផ្ញើលិខិតទៅកាន់ អគ្គលេខាធិការអ.ស.ប. និង ប្រធានក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ដើម្បីប្រាប់ពីភាពផុយស្រួយខ្លាំង នៃបទឈប់បាញ់កម្ពុជា-ថៃ ដោយសារភាគីថៃបានរំលោភបំពានលើដែនអធិបតេយ្យកម្ពុជា ជាបន្តបន្ទាប់។
ក្នុងលិខិតនោះ បានគូសបញ្ជាក់ពីសកម្មភាពដែលថៃ បានបំបានបទឈប់បាញ់រវាងកម្ពុជាថៃថា តាំងពីថ្ងៃដែលបទឈប់បាញ់ជាធរមានមក កងកម្លាំងថៃ បានចូលមកកាន់ទឹកដីកម្ពុជាជាញឹកញាប់ ថែមទាំងបានសាងសង់ផ្លូវ និង រាយបន្លាលួសជាដើម ព្រមទាំងប្រើប្រាស់ម៉ាស៊ីនធន់ធ្ងន់សាងសង់លេណដ្ឋានជាច្រើនកន្លែង ដែលជាការរំលោភដោយចេតនា។ រដ្ឋមន្រ្តីក្រសួងការបរទេស ថែមទាំងបានលើកឡើងថា សកម្មភាពដែលថៃបានធ្វើទាំងនោះ ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់មេបញ្ជារការយោធភូមិភាគ២ ថៃ ដែលបានអះអាងថាខ្លួនប្រើពេលដែលសេសសល់ក្នុងតំណែង៥១ថ្ងៃក្នុងការដណ្តើមកាន់កាប់ប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំ។
បើតាមអ្នកនាំពាកុ្យ ក្នុងលិខិតនោះ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យថៃអនុវត្តបីចំណុច ទី១៖ ថៃត្រូវបញ្ឈប់ជាបន្ទាន់នូវការឈ្លានពាន និងការកាន់កាប់ដោយខុសច្បាប់ និងសកម្មភាពផ្សេងៗទៀតដែលរំលោភដែនអធិបតេយ្យភាពកម្ពុជា។ ទី២៖ ថៃត្រូវដកកងកម្លាំងយោធាចេញពីទឹកដីកម្ពុជាត្រលប់ទៅកាន់ទីតាំងដែលកំណត់ដោយស្របច្បាប់។ ទី៣៖ អនុវត្តឱ្យបានពេញលេញ និងគ្មានលក្ខខណ្ឌនូវរាល់កាតព្វកិច្ចទ្វេភាគី និងអន្តរជាតិ រួមមានបទឈប់បាញ់ ថ្ងៃទី ២៨ កក្កដា ២០២៥ និងកំណត់ហេតុព្រមព្រៀងថ្មីៗនេះ នៅថ្ងៃ ៧ សីហា ២០២៥។
ក្នុងលិខិតនេះ រដ្ឋាភិបាលបានសង្កត់ធ្ងន់ថា កម្ពុជានៅតែរក្សាគោលជំហរក្នុងការរក្សាសន្តិភាព និងគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។ គួរបញ្ជាក់ថា លិខិតទាំងពីរនេះនឹងចែកជាផ្លូវការដល់ស្ថានតំណាងអចិន្រ្តៃយ៍របស់បណ្តាប្រទេសប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក៕