
ភ្នំពេញ៖ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម Wang Wentian និងលោកជំទាវ នាថ្ងៃទី១២ ខែវិច្ឆិកា បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងព្រះបរមរាជវាំង ស្ថិតក្នុងឱកាសដែលព្រះអង្គទ្រង់ទទួលបាននូវគ្រឿងឥស្សរិយយស មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន។ក្នុងចូលក្រាបថ្វាយបង្គំគាល់ ឯកឧត្តមWang Wentian បានថ្លែងថា គ្រឿងឥស្សរិយយសបង្កប់នូវមនោសញ្ចេតនាដ៏សែនជ្រាលជ្រៅរវាងប្រជាជនកម្ពុជាកម្ពុជា-ចិន។
ឯកឧត្តមឯកអគ្គរដ្ឋទូតចិនមានប្រសាសន៍ថា លោកសូមតំណាងឲ្យមន្រ្តីគ្រប់រូបនៃស្ថានទូតចិនប្រចាំកម្ពុជាថ្វាយព្រះពរដល់សម្ដេចព្រះមហាក្សត្រីក្នុងឱកាសដែលព្រះអង្គទ្រង់ទទួលបានគ្រឿងឥស្សរិយយស មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន។ អស់រយៈពេលជាងកន្លះសតវត្សរ៍មកហើយ ដែលព្រះអង្គតែងស្តេចយាងជាមួយព្រះរាជដំណើរព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គទាំងទ្វេស្តេចយាងរួមចំណែកក្នុងព្រះរាជកិច្ចជាប្រវត្តិសាស្រ្តក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងចិននិងកម្ពុជា ព្រះអង្គទាំងទ្វេតែងទទួលបានការគោរពនិងស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតពីប្រជាជនចិនគ្រប់រូប គ្រឿងឥស្សរិយយសដែលព្រះអង្គទទួលបានពិតជាសាកសមជាមួយព្រះកិត្តិនាមដ៏ថ្លៃថ្លារបស់ព្រះអង្គ។
គ្រឿងឥស្សរិយយសនេះ បានបង្កប់នូវមនោសញ្ចេតនាដ៏សែនជ្រាលជ្រៅបំផុតរបស់ប្រជាជនចិនថ្វាយចំពោះព្រះអង្គនិងជូនចំពោះប្រជាជនកម្ពុជា នឹងត្រូវបានកត់ត្រាក្នុងសៀវភៅប្រវត្តិសាស្ត្រមិត្តភាពចិននិងកម្ពុជាជារៀងរហូត។
សម្ដេចព្រះមហាក្សត្រី បានថ្លែងអំណរគុណដល់ឯកឧត្តមឯកអគ្គរដ្ឋទូតចិនដែលបានចូលក្រាបថ្វាយបង្គំគាល់និងពាក្យពេចន៍ជូនពរ ព្រះអង្គមានព្រះបន្ទូលថា មិត្តភាពកម្ពុជានិងចិនត្រូវបានកសាងស្ថាបនានិងបីបាច់ថែរក្សាដោយផ្ទាល់និងយកចិត្តទុកដាក់បំផុតដោយសម្តេចព្រះបរមរតនកោដ្ឋនិងថ្នាក់ដឹកនាំចិនជំនាន់មុន ព្រះអង្គមានក្តីសោមនស្សរីករាយជាពន់ពេកដែលបានចូលរួមជាសក្ខីភាពនិងរួមចំណែកដោយផ្ទាល់។
ឯកឧត្តមប្រធានាធិបតីចិន Xi Jinping បានបំពាក់គ្រឿងឥស្សរិយយសមិត្តភាពដោយផ្ទាល់ថ្វាយដល់ព្រះអង្គ ពិតជាមានក្តីរំភើបក្នុងព្រះហឫទ័យជាពន់ពេកនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ។ ព្រះអង្គមានព្រះបន្ទូលបន្តទៀតថា ព្រះកិត្តិយសដ៏ឧត្តុង្គឧត្តមនេះមិនត្រឹមតែជារបស់ព្រះអង្គប៉ុណ្ណោះទេ ក៏ជាកិត្តិយសរបស់ប្រជាជនកម្ពុជាគ្រប់រូបផងដែរ។
គួរបញ្ជាក់ថា មុននឹងឯកឧត្តមឯកអគ្គរដ្ឋទូតចិនចូលក្រាបថ្វាយបង្គំគាល់ លោកក៏បានអញ្ជើញថ្វាយកម្រងផ្កាដល់ព្រះបរមរូបព្រះបរមរតនកោដ្ឋ៕



