ភ្នំពេញ៖ ផ្លែទុរេនស្រស់កម្ពុជាជើងដំបូងចំនួន២តោន បានដឹកជញ្ជូនទៅកាន់ខេត្តហឺណាន របស់ប្រទេសចិន តាមរយៈផ្លូវអាកាសដោយជោគជ័យកាលពីថ្ងៃទី៩ ខែសីហា។ ការដឹកជញ្ជូនត្រូវការពេលតែ 4 ម៉ោងប៉ុណ្ណោះ ដែលអាចផ្តល់ភាពងាយស្រួល និងរក្សាបាននូវភាពស្រស់របស់ទុរេនទៅកាន់ទីផ្សារប្រទេសចិន។
បើតាមលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានផ្សព្វផ្សាយតាមបណ្តាញសង្គមថា ប្រទេសកម្ពុជាបានចាប់ផ្តើមការដឹកជញ្ជូនទុរេនស្រស់ទៅប្រទេសចិនតាមអាកាស ខណៈដែលផ្លែឈើពីរតោនដំបូងបានមកដល់ខេត្តហឺណានកាលពីថ្ងៃទី៩ ខែសីហា។ ការដឹកជញ្ជូនត្រូវការពេលតែ 4 ម៉ោងប៉ុណ្ណោះដែលអាចឱ្យប្រជាជនចិនអាចទទួលបានទុរេនដែលស្រស់សម្រាប់បរិភោគ។
ការនាំចេញទុរេនទៅចិននេះ ធ្វើឡើងបន្ទាប់ពីអគ្គរដ្ឋបាលគយចិន (GACC) បានវាយតម្លៃនិងយល់ព្រមលើសំណើចុះបញ្ជីចម្ការទុរេន ចំនួន ១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៣០កន្លែង ដែលបានបំពេញតាមគោលការណ៍កសិកម្មល្អ (GAP) លក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ជាសុវត្ថិភាពចំណីអាហាររបស់ប្រទេសចិន។
គួរបញ្ជាក់ថា កម្ពុជាបានបញ្ជូនផ្លែទុរេនស្រស់កម្ពុជាជើងដំបូងជាង១៧តោន ដឹកជញ្ជូនទៅចិនតាមច្រកសមុទ្រកាលពីថ្ងៃទី១៨ កក្កដាកន្លងមក ដោយគ្រោងទៅដល់ប្រទេសចិនក្នុងរយៈពេល៩ថ្ងៃតាមរយៈផ្លូវទឹក។ ផ្លែទុរេន គឺជាផ្លែឈើស្រស់ទីប្រាំរបស់កម្ពុជា ដែលទទួលបានសិទ្ធិចូលទីផ្សារប្រទេសចិនដោយផ្ទាល់ បន្ទាប់ពីផ្លែចេក ស្វាយ មៀន និងដូង៕