ប្រទេសបារាំង បានសម្តែងការសាទរចំពោះការប្រកាសធ្វើឡើងក្រោយកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហា ដែលជាការបញ្ជាក់បន្ថែមលើការគោរពបទឈប់បាញ់ចុះថ្ងៃទី២៨ ខែកក្កដា និងជាការចាប់ផ្តើមកិច្ចសន្ទនាសាជាថ្មីរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥។
តាមសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ប្រទេសបារាំងកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការកាត់បន្ថយភាពតានតឹង និងដោះស្រាយជម្លោះដោយសន្តិវិធី យោងតាមច្បាប់អន្តរជាតិ។
ជាមួយគ្នានេះ ប្រទេសបារាំង ក៏សូមសម្តែងការសាទរ និងការគាំទ្រចំពោះតួនាទីស្នូលរបស់ប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ាន ក្នុងការស្វែងរកដំណោះស្រាយជម្លោះតំបន់ដោយសន្តិវិធី៕