ភ្នំពេញ៖ ក្រុមហ៊ុនផលិតចចំណីសត្វចំនួន ៣ បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) ស្តីពី កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតក្នុងស្រុកសរុបជាង១០ម៉ឺនតោនក្នុងមួយឆ្នាំ សម្រាប់ផលិតចំណីសត្វ។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។
បើតាមក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុនផលិតចំណីសត្វទាំង៣ រួមមាន៖ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក (Khmer Fresh Milk), ក្រុមហ៊ុនផលិតចំណីសត្វ គ្រីនហ្វីត (GREENFEED Cambodia) និងសហគ្រាសផលិតចំណីសត្វដង្ខៅប៉ាង។
នឱកាសនេះ លោកស្រី ចម និម្មល បានគូសបញ្ជាក់ថា តាមរយៈអនុស្សារណៈនៃការយោគយល់គ្នានេះ ក្រុមហ៊ុនផលិតចំណីសត្វទាំង៣ នឹងប្រមូលទិញកសិកផលក្នុងស្រុកក្នុងបរិមាណសរុប៖ ពោតក្រហម ៥៤.០០០តោន/ឆ្នាំ, ដំឡូងមី ១៣. ០០០តោន/ឆ្នាំ, កញ្ជុងអង្ករ ១២.៨០០តោន/ឆ្នាំ, និងកន្ទក់ ៣០.០០០តោន/ឆ្នាំ។
លោកស្រីក៏បានសង្កត់ធ្ងន់លើតួនាទីនិងការចូលរួមដែលមិនអាចខ្វះបានពីវិស័យឯកជន ជាពិសេស ក្រុមហ៊ុនផលិតចំណីសត្វទាំងអស់នៅកម្ពុជា ក្នុងការប្រើប្រាស់ផលិតផលក្នុងស្រុក ការជំរុញការកែច្នៃ ដើម្បីបង្កើនផលិតភាពនិងលើកកម្ពស់ការផ្គត់ផ្គង់កសិផល និងបង្កើនឱកាសធុរកិច្ច សំដៅជួយបង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពដល់ប្រជាកសិករខ្មែរ។
លើសពីនេះ លោកស្រីបានណែនាំឱ្យក្រុមការងារក្រសួងពាណិជ្ជកម្មបន្តកិច្ចសហការឱ្យបានជិតស្និទ្ធិជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ លើការងាររៀបចំផែនការដាំដុះ និងប្រមូលទិញ កសិផលសម្រាប់ផលិតចំណីសត្វ ជាមួយកសិករ តាមរយៈការរៀបចំឱ្យមានការផ្គូរផ្គងរវាងក្រុមហ៊ុនសៃទ្បូ ឬសហគមន៍កសិករ និងក្រុមហ៊ុនផលិតចំណីសត្វ ដោយផ្តោតសំខាន់ផងដែរលើការអនុលោមតាមលក្ខខណ្ឌតម្រូវគុណភាព សំដៅធានាបាននូវស្ថិរភាពការផ្គត់ផ្គង់ និងបញ្ជាទិញ និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ៕