ភ្នំពេញ៖ ក្នុងខែកក្កដា ឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន សម្រេចបានជាង១,២ពាន់លានដុល្លារ ធ្លាក់ចុះ ០,៧៩% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងនោះបណ្ដាប្រទេសដែលធ្វើការនាំចេញ នាំចូលជាមួយកម្ពុជាច្រើនជាងគេគឺ វៀតណាម បន្ទាប់មកមានថៃ សិង្ហបុរី និងម៉ាឡេស៊ីជាដើម។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ដែលផ្តល់មកកាន់ស៊ីស៊ីថាមស៍ដោយលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
បើតាមរបាយការណ៍ ក្នុងរយៈពេល១ខែពេញនៃខែកក្កដា ឆ្នាំ២០២៥នេះ កម្ពុជាសម្រេចបានការនាំចេញទៅអាស៊ានក្នុងទឹកប្រាក់ប្រមាណ ៤០៨ លានដុល្លារ កើនឡើង១១.៥៦% និងនាំចូលមកវិញក្នុងទឹកប្រាក់ប្រមាណ ៨០៩ លានដុល្លារ ធ្លាក់ចុះ ១១.៥០% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ក្នុងតំបន់អាស៊ាន ប្រទេសដែលធ្វើពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេក្នុងខែកក្កដាឆ្នាំនេះមានតាមលំដាប់ដូចតទៅ៖ ប្រទេសវៀតណាម ៦០៦លានដុល្លារ, ថៃ ២០៦ លានដុល្លារ, សិង្ហបុរី ២០២៤ លានដុល្លារ, ម៉ាឡេស៊ី ៩១ លានដុល្លារ, ឥណ្ឌូនេស៊ី ៦៩ លានដុល្លារ, ឡាវ ១៨ លានដុល្លារ, ព្រុយណេ ប្រមាណជិត៩ លានដុល្លារ, ហ្វីលីពីន ៦ លានដុល្លារ, និង មីយ៉ាន់ម៉ា ៥ លានដុល្លារ។
មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញមានដូចជា៖ សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ ផលិតផលកសិកម្ម (ដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី និងដំឡូងមី និងកៅស៊ូ) គ្រឿងសង្ហារឹម សំបកកង់រថយន្ត បន្ទះសូឡា កង់ សម្ភារៈអគ្គិសនី គ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបង្គុំយានយន្ត និងផលិតផលជលផលជាដើម៕