ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី ១០ សីហាម្សិលមិញ បានចាត់ទុកអំពីផែនការរបស់ មេបញ្ជាការយោធភូមិភាគទី២ ប៊ុនស៊ីន ផាត់ឃ្លាំង គឺជា«ភស្តុតាង»ឈ្លានពានកម្ពុជា និង បំពានបទឈប់បាញ់ ហើយបានអំពាវនាវដល់សហគមន៍អន្តរជាតិ ជំរុញយ៉ាងម៉ឺងម៉ាត់ឱ្យភាគីថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់។
យោងតាមក្រសួងការពារជាតិកម្ពុជា គូសបញ្ជាក់ថា ការប្រកាសនេះជាភស្តុតាង មិនអាចប្រកែកបានបញ្ជាក់ពីការបង្កហេតុ និងជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និង គិតទុកជាមុន បំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ សម្រេចនៅក្នុងកិច្ចប្រជុំពិសេសនាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ និង ស្មារតីនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។
បើតាមក្រសួង កម្ពុជាគូសបញ្ជាក់អំពីគោលជំហរដ៏ម៉ឺងម៉ាត់របស់ខ្លួន ក្នុងការរកដំណោះស្រាយដោយសន្តិវិធី និង ប្រកាន់គោលការណ៍សន្តិភាពជាធំ និង អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ហើយកម្ពុជាសង្ឃឹមថា ភាគីថៃនឹងប្រកាន់គោលជំហរដូចគ្នាប្រកបដោយភាពស្មោះត្រង់ ដើម្បីឈានទៅបញ្ចប់ការប្រឈមមុខដាក់គ្នាទាំងស្រុង ដើម្បីស្តារមកវិញនូវ សន្តិភាព ប្រក្រតីភាព និង ប្រជាពលរដ្ឋនៃប្រទេសទាំងពីររស់នៅក្នុងសុខសន្តិភាព។
ក្រសួងការពារជាតិ អំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេស ប្រទេសដៃគូដែលបានខិតខំប្រឹងប្រែងជួយឱ្យសម្រេចបាននូវបទឈប់បាញ់ដ៏លំបាកមួយនេះ ជួយជំរុញយ៉ាងម៉ឺងម៉ាត់ឱ្យភាគីថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់ ដោយមិនត្រឹមតែតាមរយៈពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែង ដោយបញ្ឈប់រាល់អំពើរំលោភបំពានទាំងឡាយ និង រុះរើបន្លាលួសដែលខ្លួនបានលួចដាក់ ចេញឱ្យអស់ជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានសង្កត់ធ្ងន់ថា ស្ថានភាពនៅព្រំដែនជាទូទៅមានសភាពស្ងប់ស្ងាត់ល្អ ហើយកម្ពុជា-ថៃគួរបន្តធ្វើឱ្យស្ថានភាពនេះរឹតតែប្រសើរឡើង ជាជាងការធ្វើទង្វើដែលបង្កការរាំងស្ទះដល់ការនាំមកវិញនូវ សន្តិភាព ស្ថិរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាអ្វីមិនត្រឹមតែប្រជាជនទាំងពីរចង់បានប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូលក៏ចង់ឃើញផងដែរ ដូចដែលបានស្តែងចេញតាមរយៈការសម្តែងការអបអរសាទរ និងការគាំទ្រចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ និងលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃជាដើម៕