ភ្នំពេញ៖មន្ត្រីនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី ៩ សីហានេះ បានប្រកាសថា រហូតមកដល់ពេលនេះ ក្រៅពីទទួលព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយរបស់ថៃទាក់ទងនឹងការផ្ទុះមីនបង្កឱ្យមានរបួសទាហានថៃ ៣ នាក់,ក្រសួងមិនទាន់មានព័ត៌មានបញ្ជាក់ច្បាស់លាស់ពីកម្លាំងជួរមុខកម្ពុជា ទាក់ទងនឹងការផ្ទុះមីននេះនៅឡើយទេ។
បើតាមក្រសួងការពារជាតិ កងទ័ពកម្ពុជាបាននិងកំពុងគោរពយ៉ាងម៉ឺងម៉ាត់នូវស្មារតីបទឈប់បាញ់ថ្ងៃទី ២៨ ខែកក្កដា និង ស្មារតីនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ កម្ពុជាសង្ឃឹមថាភាគីថៃនឹងគោរពបាននូវចំណុចដែលឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ (GBC) ជាពិសេសចំណុចទី២ ដែលបានចែងថា ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបស់ខ្លួនដែលឈរជើងឡើយ។