ភ្នំពេញ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នាថ្ងៃទី ៨ សីហា ២០២៥ បានគូសបញ្ជាក់ថា ក្រសួងកត់សម្គាល់ជាវិជ្ជមាន ចំពោះដំណើរចុះសួរសុខទុក្ខរបស់គណៈកម្មការអន្តរជាតិកាកបាទក្រហមចំពោះយោធិនកម្ពុជាទាំង១៨រូប នាពេលថ្មីៗនេះ។ កម្ពុជាស្វាគមន៍ការសម្រួលរបស់ប្រទេសថៃ ដែលចេញដោយក្រសួងការបរទេសថៃ កាលពីថ្ងៃទី ៧ សីហា ២០២៥ ឱ្យមានការជួបធ្វើបទសម្ភាសដោយផ្ទាល់ជាឯកជន និងការពិនិត្យរាងកាយរបស់យោធិនទាំង១៨រូប ដោយគណៈកម្មការអន្តរជាតិកាកបាទក្រហម ។
យោងតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្រសួងវាយតម្លៃខ្ពស់ចំពោះការសួរសុខទុក្ខរបស់គណៈកម្មការអន្តរជាតិកាកបាទក្រហម ដែលនឹងជួយធានាថា សិទ្ធជាមូលដ្ឋាន និងភាពថ្លៃថ្នូររបស់យោធិនកម្ពុជាទាំង១៨រូប ត្រូវបានគោរពស្របតាមការកំណត់អនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩។ កម្ពុជាចាត់ទុកថាដំណើរនៃការសួរសុខទុក្ខនេះ ជាជំហានដ៏សំខាន់មួយក្នុងការឆ្ពោះទៅរកតម្លាភាព និងការគោរពទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ។
ក្រសួងការបរទេស បានបន្តទៀតថា ទោះជាយ៉ាងណាក៏ដោយ កម្ពុជានៅតែរក្សាជំហរដោយភាពប្រុងប្រយ័ត្ន ដោយសង្កត់ធ្ងន់ថា ការបន្តឃុំឃាំងយោធិនកម្ពុជាទាំង១៨រូប ដែលត្រូវបានថៃចាប់ខ្លួនក្នុងពេលកំពុងអនុវត្តបទឈប់បាញ់ បានបង្កឡើងនូវការព្រួយបារម្ភទាំងផ្នែកច្បាប់ និងសីលធម៌។
ឆ្លើយតបចំពោះការលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសថៃ ថា យោធិនរបស់កម្ពុជានឹងត្រូវបានដោះលែង និងធ្វើមាតុភូមិនិវត្តន៍ភ្លាម នៅពេលដែលអរិភាពរវាងប្រទេសទាំងពីរបានបញ្ចប់ ហេតុនេះ កម្ពុជាបន្តអំពាវនាវឱ្យមានមាតុភូមិនិវត្តនន៍ជាបន្ទាន់ដោយឥតលក្ខខណ្ធចំពោះយោធិនកម្ពុជាទាំង១៨រូប និងទាមទារឱ្យថៃ ផ្តល់អាទិភាពលើកិច្ចសន្ទនាដោយសុទ្ធចិត្ត និងការកាត់បន្ថយភាពតានតឹងក្នុងស្មារតីសន្តិភាព និងកិច្ចសហប្រតិបត្តិការ៕