681 ezgif.com resize
Swift cc time

កម្ពុជាសម្រេចអនុវត្តអត្រាពន្ធគយ ០% លើទំនិញរបស់អាម៉េរិក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការអនុវត្តអត្រាពន្ធគយ ០% លើទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាម៉េរិក និង នាំចូលមកកម្ពុជាពីសហរដ្ឋអាម៉េរិក ចាប់ពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះតទៅ។ការសម្រេចនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអាម៉េរិក បានទម្លាក់ពន្ធគយកម្ពុជាពី៤៩%មកត្រឹម ១៩% ។

យោងតាមអនុក្រឹត្យមាត្រា១ បានសម្រេចដាក់ឱ្យអនុវត្តអត្រាពន្ធគយ ០% ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាម៉េរិក និង នាំចូលមកកម្ពុជាពីសហរដ្ឋអាម៉េរិក។ ចំណែកមាត្រាទី២ បានចែងថា អត្រាពន្ធគយ ០% ដូចមានចែងក្នុងមាត្រា១ គឺមិនអនុវត្ត ចំពោះទំនិញប្រើរួចឡើយ។

គួរបញ្ជាក់ថា អាម៉េរិក សម្រេចបញ្ចុះអត្រាពន្ធបដិការដល់កម្ពុជាមកត្រឹម១៩% ដែលការសម្រេចនេះបានចូលជាធរមានចាប់ពីថ្ងៃសុក្រទី០១ ខែសីហា ឆ្នាំ២០២៥តទៅ។ ការបញ្ចុះអត្រាពន្ធនេះ ធ្វើឡើងក្រោយពេលដែលកម្ពុជា-ថៃ យល់ព្រមលើកិច្ចព្រមព្រៀងឈប់បាញ់កាលពីពេលថ្មីៗនេះ ជុំវិញជម្លោះនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា កម្ពុជាបានសម្រេចទម្លាក់ពន្ធមក ០% លើទំនិញអាម៉េរិកទាំងអស់ ដើម្បីជាថ្នូរនឹងការចរចាយកបានអត្រាពន្ធដែលអាម៉េរិកដាក់លើកម្ពុជាមកត្រឹម ១៩% នាពេលនេះ។ លោកថា មានបន្ទាត់ទំនិញចំនួន ១១ ៤១៤បន្ទាត់ ដែលកម្ពុជាបានបញ្ចុះអត្រាពន្ធពី ៣៥% ពី៥% និង ពី៧%ជាដើមនោះ មកត្រឹមអត្រា ០% ដល់អាម៉េរិក៕

Khcct banner

អត្ថបទទាក់ទង