ភ្នំពេញ៖ ក្រសួងការងារនៅថ្ងៃទី ៧ សីហា ២០២៥ បានគូសបញ្ជាក់ថា ការទាមទារឱ្យប្រជាពលរដ្ឋបង់ប្រាក់ ឬផ្តល់អត្ថប្រយោជន៍ជាវត្ថុដោយជនណាមួយ ជាថ្នូរនឹងការទទួលបានការងារធ្វើនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាអំពើល្មើសច្បាប់ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ដល់ ៣ឆ្នាំ និងត្រូវទទួលការពិន័យជាប្រាក់ ព្រមទាំងត្រូវទទួលទោសផ្សេងទៀត។
យោងតាមសេចក្តីជូនដំណឹង ក្រសួងការងារបានគូសបញ្ជាក់ថា អធិការការងារនឹងចាត់វិធានការតាមច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតចំពោះជនដែលប្រព្រឹត្តអំពើល្មើសច្បាប់ ពាក់ព័ន្ធនឹងការទារប្រាក់ពីប្រជាពលរដ្ឋ ជាថ្នូរនឹងការទទួលបានការងារធ្វើនៅកម្ពុជា។ ក្រសួងការងារ បានគូសបញ្ជាក់ថា ការទាមទារឱ្យប្រជាពលរដ្ឋបង់ប្រាក់ ឬផ្តល់អត្ថប្រយោជន៍ជាវត្ថុដោយជន ណាមួយ ជាថ្នូរនឹងការទទួលបានការងារធ្វើនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាអំពើល្មើសច្បាប់ បើទោះបីជាការ ផ្តល់នោះធ្វើឡើងដោយការស្ម័គ្រចិត្តរបស់អ្នកស្នើសុំរកការងារធ្វើក៏ដោយ។ សកម្មភាពទាំងនេះ ត្រូវបានចាត់ទុក ជាអំពើឆបោក និងកេងប្រវ័ញ្ចកម្លាំងពលកម្ម។
បើតាមប្រភពដដែល ជនដែលទារប្រាក់ពីប្រជាពលរដ្ឋ ជាថ្នូរនឹងការទទួលបានការងារធ្វើ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ដល់ ៣ឆ្នាំ ស្របតាមក្រមព្រហ្មទណ្ឌ និងត្រូវទទួលការពិន័យជាប្រាក់តាមច្បាប់ស្តីពីការងារ ព្រមទាំងត្រូវទទួលទោសផ្សេងទៀតតាម ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។
ក្រសួងអំពាវនាវដល់កម្មករនិយោជិត និងសាធារណជន ដែលបានរងគ្រោះ ឬបានដឹង អំពីករណីទារប្រាក់ ឬផ្តល់អត្ថប្រយោជន៍ជាវត្ថុ ជាថ្នូរនឹងការទទួលបានការងារធ្វើ សូមប្ដឹងមកក្រសួងតាមរយៈ ប្រព័ន្ធ Hotline លេខ ១២៨៦” ឬប្រអប់បណ្តឹងអនាមិករបស់ក្រសួង (https://feedback.mlvt.gov.kh/feedback) ដើម្បីអធិការការងារចាត់វិធានការតាមច្បាប់ជាធរមានចំពោះជនល្មើស៕