ភ្នំពេញ៖ ក្នុងរយៈពេល៧ខែឆ្នាំ២០២៥នេះ ប្រទេសកម្ពុជាបានសម្រេចការនាំចេញអង្ករបានចំនួនជាង ៤២០ពាន់តោន ដែលគិតជាទឹកប្រាក់មានចំនួន ៣០៩.៣២ លានដុល្លារ។ ទិន្នផលនៃការនាំចេញនេះ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុននាំចេញចំនួន៥១ក្រុមហ៊ុន ទៅកាន់៦៥គោលដៅ។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។
បើតាមរបាយការណ៍ ក្នុងចំណោមគោលដៅទាំង៦៥ កម្ពុជាសម្រេចការនាំចេញអង្ករជាង ២០ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន ១៥៦.៩២ លានដុល្លារ ទៅកាន់២៦ប្រទេសនៅក្នុងទ្វីបអឺរ៉ុប, ៧ប្រទេសសមាជិកអាស៊ាន បានជិត៦ម៉ឺនតោន គិតជាទឹកប្រាក់ជាង ៤០លានដុល្លារ, ប្រទេសចិន និងរដ្ឋបាលតំបន់ស្វយ័តជាង១០ម៉ឺនតោន គិតជាទឹកប្រាក់ជាង ៦២លានដុល្លារ, និង៣២ប្រទេសផ្សេងៗទៀត អាហ្វ្រិក មជ្ឈឹមបូព៌ា។ល។ ជិត៦ម៉ឺនតោន គិតជាទឹកប្រាក់ជាង ៥០លានដុល្លារ។
របាយការណ៍បញ្ជាក់ថា ប្រភេទអង្ករនាំចេញមានដូចជា អង្ករក្រអូបគ្រប់ប្រភេទ ៧៧.៦៥%, អង្ករសគ្រាប់វែង ១៥.៦១%, អង្ករចំហុយ ៣.២៧%, អង្ករសរីរាង្គ ២.៦១%, និងអង្ករផ្សេងៗទៀត ០.៨៦% ។ ជាមួយគ្នានេះ កម្ពុជាក៏សម្រេចបានការនាំចេញស្រូវជាង ៣,៨ លានតោន គិតជាទឹកប្រាក់មានចំនួនជាង ៩១៤លានដុល្លារ ទៅកាន់ប្រទេសជិតខាងក្នុងរយៈពេល៧ខែឆ្នាំ២០២៥នេះ៕