ភ្នំពេញ៖ សមាជិកនៃសមាគមឧកញ៉ាកម្ពុជាជាច្រើនរូប បានចូលរួមពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) លើការងារអំពីការរៀបចំដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅប្រទេសអូស្ត្រាលី (Investment Roadshow to Australia)” នៅចុងខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជា ព្រមទាំងដៃគូពាក់ព័ន្ធជាច្រើនទៀត។
អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធាន និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា រួមជាមួយអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ ព្រមទាំងអ្នកឧកញ៉ា លី សុភាព និងឧកញ៉ា សូ សុខប៊ុនលីម នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បានចូលរួម “ជំនួបពិភាក្សាការងារអំពីការរៀបចំដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅប្រទេសអូស្ត្រាលី (Investment Roadshow to Australia)” ។
បើតាមសមាគមឧកញ៉ាកម្ពុជា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាលើកិច្ចការអាទិភាពនានាក្នុងការត្រៀមរៀបចំដំណើរបេសកកម្មនេះឱ្យដំណើរការទៅបានប្រកបដដោយភាពរលូន ប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់តាមការរំពឹងទុក។ សមាគមឧកញ៉ាកម្ពុជា នឹងដឹកនាំប្រតិភូសមាគមចូលរួមក្នុងបេសកកម្មនេះផងដែរ ដើម្បីរួមចំណែកក្នុងការផ្សព្វផ្សាយ និងទាក់ទាញធុរជនអូស្ត្រាលីមកវិនិយោគនៅកម្ពុជា ក៏ដូចជាស្វែងយល់អំពីបរិយាកាសធុរកិច្ចកម្ពុជា-អូស្ត្រាលី និងស្វែងរកដៃគូវិនិយោគលើវិស័យអាទិភាពនានា។
ដំណើរបេសកកម្មនេះ គឺជាសកម្មភាពទាក់ទាញ និងជំរុញវិនិយោគនៅក្រៅប្រទេសដែលលោក ស៊ុន ចាន់ថុល សំដៅផ្សព្វផ្សាយពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគ និងសក្តានុពលនានារបស់កម្ពុជា និងបញ្ជ្រាបការយល់ដឹងដល់វិនិយោគិនបរទេសឱ្យមកបណ្តាក់ទុនវិនិយោគដោយផ្ទាល់ពីបរទេស (Foreign Direct Investment – FDI) មកកាន់ប្រទេសកម្ពុជាថែមមួយកម្រិតទៀត។
សមាគមឧកញ៉ាកម្ពុជាបញ្ជាក់ថា ចំពោះបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅប្រទេសអូស្ត្រាលីខាងមុខនេះ បានទទួលនូវការសម្របសម្រួលដោយការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងកម្មវិធីភាពជាដៃគូកម្ពុជា- អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)៕