អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោកដូណាល់ត្រាំបានសម្រេចតម្លើងពន្ធនាំចូលរបស់ឥណ្ឌាឡើងដល់ ៥០% ក្រោយពីឥណ្ឌានៅតែបន្តទិញប្រេងពីប្រទេសរុស្ស៊ីបើទោះបីជាសហរដ្ឋអាម៉េរិកធ្លាប់បានព្រមានក៏ដោយ។ សេតវិមានអាម៉េរិកបានបញ្ជាក់ថាពេលនេះអាម៉េរិកកំពុងដាក់ពន្ធបន្ថែម ២៥% លើការនាំចូលពីប្រទេសឥណ្ឌា ដែលនាំមកនូវពន្ធសរុបឡើងដល់ ៥០% ជាការសងសឹកចំពោះការទិញប្រេងរបស់ឥណ្ឌាពីរុស្ស៊ី។
យោងតាមសេតវិមានអាម៉េរិកលោកប្រធានាធិបតីត្រាំបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលដាក់ពន្ធ ២៥% ទៀតលើនាំចូលទំនិញពីប្រទេសឥណ្ឌាដែលនាំឲ្យពន្ធនាំចូលសរុបឡើងដល់ ៥០% ពន្ធថ្មីនេះនឹងចូលជាធរមានក្នុងរយៈពេល ២១ ថ្ងៃខាងមុខនេះ។ ជាការឆ្លើយតបប្រទេសឥណ្ឌាបានចាត់ទុក្ខពន្ធដ៏ច្រើនសន្ធឹកសន្ធាប់របស់លោកដូណាល់មិនមានភាពយុត្តិធម៌សម្រាប់ឥណ្ឌាឡើយ។
អ្នកជំនាញចាត់ទុកនេះជាចំណុចទាបមួយក្នុងទំនាក់ទំនងអាម៉េរិក-ឥណ្ឌា ដែលអាចប៉ះពាល់ដល់ផលប្រយោជន៍ដែលភាគីទាំងពីរបានខិតខំកសាងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ៕