សេអ៊ូល៖ រដ្ឋអាជ្ញាពិសេសរបស់កូរ៉េខាងត្បូងនៅថ្ងៃទី ៨ខែ សីហានេះត្រូវបានតែងតាំងឱ្យធ្វើការស៊ើបអង្កេតលើអតីតជំទាវទី១របស់ប្រធានាធិបតីកូរ៉េខាងត្បូងគឺលោកស្រី Kim Keon Hee ជុំវិញការចោទប្រកាន់ពីបទពុករលួយ ដែលបានដាក់ស្នើកាលពីថ្ងៃព្រហស្បតិ៍ (៧ សីហា) សំណើទៅតុលាការឱ្យចេញដីកាឃុំខ្លួនលោកស្រី។
លោកស្រី Kim Keon Hee និងអតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol កំពុងត្រូវបានស៊ើបអង្កេតដោយរដ្ឋអាជ្ញាពិសេសពីរដាច់ដោយឡែកពីគ្នាដែលត្រូវបានតែងតាំងបន្ទាប់ពីអតីតមេដឹកនាំរូបនេះត្រូវបានបណ្តេញចេញពីតំណែងកាលពីខែមេសា ជុំវិញការប្រកាសច្បាប់អាជ្ញាសឹកយ៉ាងរបស់លោក។
ភរិយារបស់លោកគឺលោកស្រី Kim Keon Hee បានបង្ហាញខ្លួនសម្រាប់ការសាកសួរកាលពីថ្ងៃពុធនៅឯការិយាល័យរបស់រដ្ឋអាជ្ញាពិសេសលើការចោទប្រកាន់ដែលរួមមានការក្លែងបន្លំភាគហ៊ុន ការស៊ីសំណូក ។លោកស្រីបានសុំទោសចំពោះការធ្វើឱ្យមានការព្រួយបារម្ភ ប៉ុន្តែមិនបានឆ្លើយសំណួរអ្នកកាសែតអំពីការចោទប្រកាន់មកលើរូបលោកស្រីឡើយ។ ព្រះរាជអាជ្ញាពិសេសមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីសំណើដីកាក្នុងការឃុំខ្លួនលោកស្រីភ្លាមៗនោះទេ។
គួរកត់សម្គាល់ថាអតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol កាលពីថ្ងៃទី ៣ ធ្នូ បានប្រកាសប្រើច្បាប់អាជ្ញាសឹក ដោយលើកហេតុផលថា មានក្រុមប្រឆាំងដែលមាននិន្នាការគាំទ្រកូរ៉េខាងជើង កំពុងរៀបចំសកម្មភាពប្រឆាំងនឹងរដ្ឋកូរ៉េខាងត្បូង។ លោកបានចោទប្រកាន់គណបក្សប្រឆាំងធំរបស់កូរ៉េខាងត្បូង ស្ដីពីការសមគំនិតគ្នាជាមួយកូរ៉េខាងជើង និង សកម្មភាពប្រឆាំងនឹងរដ្ឋកូរ៉េខាងត្បូង។ជាការប្រកាស ដែលបានធ្វើឱ្យស្ទើរតែគ្រប់គ្នាមានការភ្ញាក់ផ្អើលនឹកស្មានមិនដល់៕