681 ezgif.com resize
Swift cc time

ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតរបស់ជប៉ុនគ្រោងពង្រីកអាជីវកម្មខ្លួននៅកម្ពុជាបន្ថែមទៀត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតរបស់ជប៉ុន មានបំណងពង្រីកអាជីវកម្មខ្លួននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ខណៈកន្លងមកក្រុមហ៊ុនកំពុងមានប្រតិបត្តិការផ្គត់ផ្គង់ទឹកស្អាត និងទឹកពិសាបរិសុទ្ធនៅក្នុងខេត្តមួយចំនួននៃប្រទេសកម្ពុជា រួមមានខេត្តតាកែវ ព្រៃវែង សៀមរាប និងក្រចេះ។ គោលបំណងនេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។

លោក ជា វុទ្ធី បានលើកឡើងពីបរិស្ថានវិនិយោគនៅកម្ពុជាដែលពោរពេញដោយភាពអំណោយផល ពិសេសរបបលើកទឹកចិត្ត និងវិធានការគាំទ្រនានារបស់រាជរដ្ឋាភិបាលដែលបន្តដាក់ចេញសំដៅធ្វើឱ្យបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរទ្បើង។ បន្ថែមពីនេះ លោកក៏បានលើកទ្បើងពីគំរូ និងភាពជោគជ័យរបស់បណ្តាក្រុមហ៊ុនវិនិយោគជប៉ុនធំៗនៅកម្ពុជាមួយចំនួនផងដែរ។

លោក IKEYA Yusuke អនុប្រធានក្រុមហ៊ុន Marubeni Asian Power Singapore Pte. Ltd. ក៏បានធ្វើបទបង្ហាញខ្លីអំពីសាវតាររបស់ក្រុមហ៊ុន ជាពិសេសក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតរបស់លោក (Khmer Water Supply Holdings-KWSH) ដែលបាននិងកំពុងមានប្រតិបត្តិការផ្គត់ផ្គង់ទឹកស្អាត និងទឹកពិសាបរិសុទ្ធនៅក្នុងខេត្តមួយចំនួននៃប្រទេសកម្ពុជា រួមមានខេត្តតាកែវ ព្រៃវែង សៀមរាប និងក្រចេះ។

ជាការឆ្លើយតប លោក ជា វុទ្ធី បានសម្តែងនូវការគាំទ្រ ក៏ដូចជាផ្តល់នូវអនុសាសន៍ណែនាំដល់ក្រុមហ៊ុនឱ្យធ្វើការសិក្សាចំពោះការផ្គត់ផ្គង់ទឹកស្អាត និងរៀបចំប្រព័ន្ធសម្អាតទឹកកង្វក់នៅខេត្តស្វាយរៀង និងបាវិត ដោយនៅទីនោះមានបណ្តុំឧស្សាហកម្ម និងរោងចក្រជាច្រើន ប៉ុន្តែមិនទាន់មានប្រព័ន្ធអាងចម្រោះទឹករួម និងប្រព័ន្ធផ្គត់ផ្គង់ទឹករួមនៅទ្បើយទេ។

បន្ថែមពីនេះ អគ្គលេខាធិការរូបនេះបានលើកទឹកចិត្តឱ្យក្រុមហ៊ុនឆាប់ធ្វើការសម្រេចចិត្តបណ្តាក់ទុននៅកម្ពុជាដើម្បីឆាប់ទទួលបាននូវការលើកទឹកចិត្តនិងអត្ថប្រយោជន៍នានាដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា ក្រុមហ៊ុន Khmer Water Supply Holdings ត្រូវបានបង្កើតទ្បើងតាំងពីឆ្នាំ២០១៣ ហើយបច្ចុប្បន្នក្រុមហ៊ុនមានបំណងពង្រីកអាជីវកម្មរបស់ខ្លួនឱ្យស្របនឹងនិន្នាការនាពេលបច្ចុប្បន្ន និងតម្រូវការចាំបាច់ចំពោះមុខរបស់ក្រុមហ៊ុន៕


Khcct banner

អត្ថបទទាក់ទង