681 ezgif.com resize
Swift cc time

រកឃើញកុមារីអាយុ ៦ឆ្នាំ ១នាក់ កើតផ្តាសាយបក្សីប្រភេទថ្មីនៅខេត្តតាកែវ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

តាកែវ៖ កុមារីអាយុ ៦ឆ្នាំ ១នាក់ បានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សីប្រភេទ ហាស់៥ អ៊ុន១ (H5N1) នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ដោយអ្នកជំងឺ មានទីលំនៅក្នុងភូមិព្រៃមោក ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ មានរោគសញ្ញា គ្រុនក្តៅ ក្អក ហត់ និង ពិបាកដកដង្ហើម។

បើតាមការសាកសួរតាមរយៈក្រសួងសុខាភិបាលបង្ហាញថា មួយខែកន្លងមកនេះ នៅក្នុងភូមិកើតហេតុ មានមាន់ឈឺនិងងាប់ ជិតមួយពាន់ ក្បាល ជាមួយគ្នានោះនៅផ្ទះកុមារ ក្នុងអំឡុងពេល២០ថ្ងៃនេះ មានមាន់ឈឺនិងងាប់ ចំនួន៣០ក្បាល ជាបន្តបន្ទាប់ ហើយម្តាយកុមារបានយកមាន់ងាប់មកធ្វើម្ហូប មុនថ្ងៃដែលកុមារចាប់ផ្តើមឈឺ។

ជាការឆ្លើយតប ក្រសួងសុខាភិបាល និងស្ថានប័នពាក់ព័ន្ធ បានធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្ម លើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស ស្វែងរក ប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុង សហគមន៍ ព្រមទាំងចែកជូនឱសថតាមឺហ្គូ (Tamifiu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាព ប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។

ក្រសួងសុខាភិបាល បានក្រើនរម្លឹកឲ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សី បើមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្តើម មានរោគសញ្ញា ត្រូវទៅពិគ្រោះយោបល់ ពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹង ហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ៕


Khcct banner

អត្ថបទទាក់ទង