ភ្នំពេញ៖ ប្រទេសកម្ពុជា និងម៉ាឡេស៊ី រក្សាបាននូវកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អ និងសម្រេចបាននូវលទ្ធផលផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ហើយប្ដេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនេះឱ្យកាន់តែមានភាពរីកចម្រើន ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា។ ការប្ដេជ្ញានេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារវាងលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក ស្យាហារ៉ូឌីន អ៊ន ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។
នាឱកាសនេះ លោកសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងអំណរគុណដល់រដ្ឋាភិបាល ម៉ាឡេស៊ី លើកិច្ចសហការគាំទ្រវិស័យសុខាភិបាល ចូលរួមលើកកំពស់សុខុមាលភាពប្រជាជនកម្ពុជា និងបានរួមចំណែកធ្វើឱ្យប្រសើរឡើងប្រព័ន្ធសុខាភិបាល នៅកម្ពុជានាពេលកន្លងមក។
ជាមួយគ្នានេះ លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណ លោកសាស្ត្រាចារ្យ និងបានបង្ហាញអំពីជំហរដ៏រឹងមាំក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល បន្ថែមទៀត រួមមានការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរបទពិសោធន៍ ការសហការស្រាវជ្រាវពីជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ និងសុខភាពទេសចរ។
បើតាមក្រសួងសុខាភិបាល តាមរយៈជំនួបនេះ កម្ពុជា-ម៉ាឡេស៊ី បានបញ្ជាក់ជាថ្មីម្តងទៀតពីការបេជ្ញារួមគ្នាស្វាគមន៍កិច្ចសហប្រតិបត្តិការជាដៃគូល្អ មិត្តល្អ ពង្រឹង និងពង្រីក ភាពជិតស្និទ្ធរវាងសុខាភិបាលនៃប្រទេសទាំងពីរ ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ស្របតាមយុទ្ធសាស្រ្ត រាជរដ្ឋាភិបាលកម្ពុជា៕