ភ្នំពេញ៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នៅក្នុងបរិវេណវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នេះជាវឌ្ឍនភាពដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការកែច្នៃអាហារ និងភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងឧស្សាហកម្មផលិតអាហារនៅកម្ពុជា។ ពិធីសម្ពោធនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកបណ្ឌិត Paik Hyun Dong ប្រធានវិទ្យាស្ថានស្រាវជ្រាវអាហារកូរ៉េ (KFRI) លោក Jung Jae Hak អនុប្រធាននាយកដ្ឋានកំណើនសកល នៃវិទ្យាស្ថានអភិវឌ្ឍន៍បច្ចេកវិទ្យាកូរ៉េ (KIAT) ព្រមទាំងដៃគូពាក់ព័ន្ធជាច្រើនទៀត។
តាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ មជ្ឈមណ្ឌលនេះបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ រួមមានខ្សែច្រវាក់ផលិតកម្មគំរូ, ផ្នែកវិភាគគុណភាព និងសុវត្ថិភាពអាហារ, ផ្នែកគាំទ្របច្ចេកទេសសម្រាប់សហគ្រាស, និងសាលពិព័រណ៍សម្រាប់ការតាំងបង្ហាញផលិតផលក្នុងស្រុក និងផលិតផលពីប្រទេសកូរ៉េ។ គម្រោងសហប្រតិបត្តិការនេះមានគោលដៅលើកកម្ពស់ខ្សែច្រវាក់តម្លៃ ពង្រឹងភាពអនុលោមតាមស្តង់ដា និងជួយឱ្យសហគ្រាសក្នុងស្រុកអភិវឌ្ឍផលិតផលអាហារដែលមានគុណភាពសម្រាប់ទីផ្សារ និងការនាំចេញ។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា មជ្ឈមណ្ឌលថ្មីនេះតំណាងឱ្យជំហានឆ្ពោះទៅមុខដ៏សំខាន់ ក្នុងការបង្កើតឱកាសសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដើម្បីបង្កើនសុវត្ថិភាព និងគុណភាពផលិតផលអាហារ។ តាមរយៈការគាំទ្រក្នុងស្រុក និងសក្តានុពលនាំចេញទៅអន្តរជាតិ មជ្ឈមណ្ឌលនេះនឹងដើរតួនាទីសំខាន់ក្នុងការបង្កើតតម្លៃបន្ថែមសម្រាប់ផលិតផលក្នុងស្រុក បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ច។”
លោកបណ្ឌិត Paik Hyun Dong ប្រធានវិទ្យាស្ថានស្រាវជ្រាវអាហារកូរ៉េ (KFRI) បានលើកឡើងថាគម្រោងនេះមិនត្រឹមតែផ្តល់ការគាំទ្រផ្នែកបច្ចេកទេសប៉ុណ្ណោះទេ តែក៏កសាងហេដ្ឋារចនាសម្ព័ន្ធ បណ្តុះបណ្តាលអ្នកជំនាញ និងគាំទ្រសហគ្រាសធុនតូចនិងមធ្យមឱ្យត្រៀមខ្លួនសម្រាប់ឧស្សាហូបនីយកម្ម និងការឈានចូលទីផ្សារជាក់ស្តែង។
លោក Jung Jae Hak អនុប្រធាននាយកដ្ឋានកំណើនសកល នៃវិទ្យាស្ថានអភិវឌ្ឍន៍បច្ចេកវិទ្យាកូរ៉េ (KIAT) ប្ដេជ្ញានឹងបន្តគាំទ្រមជ្ឈមណ្ឌលនេះ ឱ្យក្លាយជាមជ្ឈមណ្ឌលនៃកិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍សម្រាប់ប្រទេសយើងទាំងពីរ។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ មានខ្សែច្រវាក់ផលិតកម្មគំរូ បំពាក់ដោយម៉ាស៊ីនទំនើបចំនួន ៨៣ គ្រឿង ដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់លទ្ធភាពឱ្យសហគ្រាសក្នុងស្រុក ធ្វើការសាកល្បងកែច្នៃផលិតផលអាហារថ្មីៗ។ ម៉ាស៊ីនទាំងនេះមានសមត្ថភាពកែច្នៃវត្ថុធាតុដើម ដូចជាសាច់ បន្លែ និងគ្រាប់ធញ្ញជាតិ ទៅជាផលិតផលគុយទាវ-មី អាហារសម្រន់ ភេសជ្ជៈ និងអាហារសុខភាពជាច្រើនប្រភេទ។
ផ្នែកវិភាគគុណភាព និងសុវត្ថិភាពអាហារ មានឧបករណ៍បច្ចេកវិទ្យាចំនួន ៣៤ គ្រឿង រួមទាំងម៉ាស៊ីន HPLC-MSMS និងម៉ាស៊ីន ICP-OES សម្រាប់ធ្វើតេស្តវិភាគច្បាស់លាស់លើសារធាតុចិញ្ចឹម សារធាតុពុល សារធាតុបន្ថែម សំណល់ថ្នាំសម្លាប់សត្វល្អិត លោហធាតុធ្ងន់ និងសារធាតុកខ្វក់នៃអតិសុខុមប្រាណ ដែល គាំទ្រផលិតផលអាហារកម្ពុជាឱ្យទទួលបានវិញ្ញាបនបត្រអន្តរជាតិ ដូចជា HACCP និង GMP ជាដើម៕