
ភ្នំពេញ៖ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី ១២ វិច្ឆិកនេះ បានថ្លែងថា លោក Szijjártó ជារដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយដែលតែងហ៊ានចេញមុខការពារយុត្តិធម៌ចំពោះកម្ពុជា។ការថ្លែងបែបនេះ ធ្វើឡើងបន្ទាប់ពីមានការធ្វើអត្ថាធិប្បាយបែបចំរុះស្តីពីដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីមកភ្នំពេញហើយឆ្លងកូវីដ១៩។
ក្នុងសារផ្ញើរជូនដល់សហសេវិក សហការីមិត្តភក្តិ បងប្អូនប្រជាពលរដ្ឋខ្មែរ ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់ថា ឯកឧត្តមបានសន្ទនាតាមទូរស័ព្ទជាមួយលោករដ្ឋមន្ត្រី Szijjártó ក្រោយពីគាត់ត្រឡប់ដល់ស្រុកគាត់វិញ។ក្នុងកិច្ចសន្ទនានោះ លោកបានសំដែងការសោកស្តាយយ៉ាងខ្លាំង និងសុំផ្ញើនូវការសុំទោសរបស់លោកចំពោះការលំបាកដែលបង្កឡើងដោយរូបលោក។
បើតាមកឧត្តម ប្រាក់ សុខុន លោក Szijjártó បញ្ជាក់អះអាងសារជាថ្មីថា ពេលលោកបានធ្វើតេស្តមុនលោកចេញដំណើរមកកម្ពុជា លទ្ធផលពេលនោះគឺអវិជ្ជមាន។ ប្រពន្ធ និងកូនលោកក៏ដូចជាសមាជិកគណៈប្រតិភូរបស់លោកទាំងអស់គ្នា លើកលែងតែឯកអគ្គរដ្ឋទូតម្នាក់ សុទ្ធតែអវិជ្ជមានកូវីដ-១៩ ទាំងអស់ រហូតដល់ថ្ងៃនេះ។
ឯកឧត្តម ប្រាក់ សុខុន បានសង្កេតឃើញថា រូបលោក Péter Szijjártó ត្រូវបានផ្សព្វផ្សាយយ៉ាងល្បីល្បាញក្នុងបណ្តាញសង្គមនៅកម្ពុជា។ មានការធ្វើអត្ថាធិប្បាយបែបចំរុះស្តីពីដំណើរទស្សនកិច្ចរបស់គាត់មកភ្នំពេញ។ យ៉ាងណាក៏ដោយ សម្រាប់ឯកឧត្តម គេមិនត្រូវភ្លេចទេថា លោក Szijjártó ជារដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយដែលតែងហ៊ានចេញមុខការពារយុត្តិធម៌ចំពោះកម្ពុជា។ គាត់គឺជាអ្នកក្រោកឡើង បន្លឺសំលេងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ គាត់គឺជាអ្នកតវ៉ាប្រឆាំងនឹងការព្យួរភាពអនុគ្រោះពន្ធក្រោមក្របខ័ណ្ឌEBA 20% ពីកម្ពុជា។
ចំពោះឧប្បត្តិហេតុនៃការចម្លងCovid-19នេះ មិនអាចធ្វើឱ្យប៉ះពាល់ សាបរលាបបំណងល្អ ថ្លៃថ្នូរ ដិតដានដោយមិត្តភាពជ្រាលជ្រៅនៃដំណើរទស្សនកិច្ចរបស់លោក Szijjártó ដែលបាននាំមកនូវផលចំណេញដល់ទំនាក់ទំនងទ្វេភាគីរបស់យើងនោះទេ។
គួរបញ្ជាក់ថា លោកភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រីបានមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃអង្គារនេះ ដើម្បីបំពេញទស្សនកិច្ចដ៏កម្រនៅកម្ពុជា។ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី ៣ វិច្ឆិកា លោកត្រូវបានប្រទេសថៃតេស្តរកឃើញកូវីដ១៩ ហើយមន្ត្រី និងពលរដ្ឋកម្ពុជាប្រមាណជាង១ពាន់នាក់ពាក់ព័ន្ធ ក្នុងនោះក៏មានសម្តេច ហ៊ុន សែនផងដែរ៕