សៀមរាប៖ លោកអ្នកឧកញ៉ា លាង ឃុន អនុប្រធាន និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អមដំណើរដោយអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងអ្នកឧកញ៉ា ឧកញ៉ា ជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជាជាច្រើនរូបទៀត កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ បានចូលរួមគោរពវិញ្ញាណក្ខន្ធយោធិនពលី ៤រូបនៅខេត្តសៀមរាប។
បើតាមសមាគមឧកញ៉ាកម្ពុជា យោធិនពលីទាំង៤រូបមានដូចជា៖
១. អនុសេនីយ៏ឯក អ៊ុន ឡាវហុង បម្រើការនៅកងពលតូចលេខ៨ កងពលធំអន្តរាគមន៍លេខ៣ ដែលបានពលីជីវិតនៅសមរភូមិព្រះវិហារ ក្នុងជន្មាយុ ៣៥ឆ្នាំ ដោយពិធីបុណ្យធ្វើឡើងនៅគេហដ្ឋានស្ថិតនៅពាម ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
២. ព្រិន្ទបាលឯក ថែ លឹង បម្រើការនៅកងពលតូចលេខ៣ ចំណុះកងពលធំអន្តរាគមន៍លេខ៣ បានពលីក្នុងសមរភូមិតំបន់ភ្នំទ្រព្យកាលពីថ្ងៃទី២៨ ខែកក្កដា ដោយពិធីបុណ្យធ្វើឡើងនៅគេហដ្ឋានស្ថិតនៅភូមិកាប់ដៃ ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។
៣. អនុសេនីយ៏ទោ ក្លែប រាយ មេបញ្ជាការរង គ១ កងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ ដែលបានពលីជីវិតក្នុងជន្មាយុ៥៥ឆ្នាំក្នុងសមរភូមិប្រាសាទតាមាន់កាលពីថ្ងៃទី២៤ ខែកក្កដា ដោយពិធីបុណ្យធ្វើឡើងនៅគេហដ្ឋានស្ថិតនៅភូមិធ្លក ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប។
៤. អនុសេនីយ៏ឯក ឡោក ម៉ៅ បុគ្គលិក ខ២ គ១ វរសេនាតូចលេខ៤២៣ កងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ ដែលបានពលីជីវិតក្នុងជន្មាយុ៤៨ឆ្នាំក្នុងសមរភូមិប្រាសាទតាមាន់ព្រឹកថ្ងៃទី២៤ខែកក្កដា ដោយពិធីបុណ្យធ្វើឡើងនៅគេហដ្ឋានស្ថិតនៅភូមិគោកព្រេច ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប។
៥.លោកនាយចំណង់ ឈឿង ចាន់ណា បម្រើការនៅវរសេនាតូចអន្តរាគមន៍៣៨២ កងពលតូចអន្តរាគមន៍លេខ៨ ដែលបានពលីជីវិតក្នុងសមរភូមិកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ដោយពិធីបុណ្យធ្វើឡើងនៅគេហដ្ឋានសពស្ថិតក្នុងឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។
៦.លោកនាយចំណង់ មៀច សុខណាវាធីប នៃវរៈសេនាតូចថ្មើរជើង លេខ៤៤៤ ដែលបានពលីជីវិតកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២៥ ដោយពិធីបុណ្យធ្វើឡើងនៅគេហដ្ឋានស្ថិតក្នុងភូមិអូរគគី ឃុំអូររដា ស្រុកកំរៀង ខេត្តបាត់ដំបង។
៧. លោកនាយចំណង់ ទេព ម៉ាឡា ជាយុទ្ធជនទ័ពពិសេសឆ័ត្រយោងកងពល៩១១ ដែលបានពលីជីវិតលើសមរភូមិភ្នំទ្រព្យកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ដោយពិធីបុណ្យធ្វើឡើងនៅគេហដ្ឋានស្ថិតក្នុងភូមិបោះពោធិ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្ត បាត់ដំបង។
បើតាមសមាគមឧកញ៉ា ក្នុងវេលាដ៏ក្រៀមក្រំនេះ លោកអ្នកឧកញ៉ា លាង ឃុន បានពាំនាំនូវសារចូលរួមរំលែកទុក្ខពីលោកអ្នកឧកញ៉ាប្រធាន ក៏ដូចជាលិខិតរំលែកមរណទុក្ខ និងថវិកាមួយចំនួនពីសមាគមឧកញ៉ាកម្ពុជាព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតជូនក្រុមគ្រួសារ នៃសពវីរជនទាំង ៧រូបផងដែរ។
មរណភាពរបស់យោធិនទាំង ៧រូបគឺជាការបាត់បង់កូនប្រុសដ៏កត្តញ្ញូ បាត់បង់ស្វាមីដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះភរិយា ជាឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនហើយក៏ជាការបាត់បង់នូវយោធិនដ៏អង់អាចក្លាហានដោយបានធ្វើពលិកម្មនូវសាច់ស្រស់ឈាមស្រស់ប្រកបដោយភាពមោះមុតនៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី។ វីរភាពនេះនឹងស្ថិតក្នុងការចងចាំក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់រូបគ្មានថ្ងៃបំភ្លេចបានហើយកេរ្តិ៍ឈ្មោះរបស់លោកនឹងត្រូវបានចារទុកនៅក្នុងប្រវត្តិសាស្ត្រជាតិ។ សមាគមឧកញ៉ាកម្ពុជា បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរជនទាំង៧រូប សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕