Cctimesw1140xh150cm copy

សិស្សទី១២៖កូវីដ-១៩បាន«រំខានដល់ការសិក្សា»ខណៈការប្រឡងបាក់ឌុបជិតចូលមកដល់

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សិស្សទី១២បានសម្តែងក្តីបារម្ភចំពោះការប្រឡងបាក់ឌុបដែលនឹងប្រព្រឹត្តទៅនៅសម័យប្រឡងថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០។ សិស្សភាគច្រើនបានលើកឡើងពីការលំបាកនៅក្នុងការសិក្សាអំឡុងពេលនៃវិបត្តិកូវីដ១៩ ជាពិសេសនៅក្នុងបរិបទនៃការផ្ទុះឡើងវិញនៃការរាតត្បាតនៃជំងឺកូវីដ១៩ ស្របពលដែលការប្រឡងសញ្ញាបត្រទុតិយភូមិជិតខិតមកដល់។ ប៉ុន្តែអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បើទោះបីការសិក្សារបស់សិស្សមានការផ្អាកមួយចំនួនតូចក្តី ក៏គុណភាពប្រឡងសម្រាប់ឆ្នាំ២០២០នេះ នៅរក្សាដូចឆ្នាំមុនៗដដែល ដោយសារក្រសួងអនុវត្តគោលការណ៍ធំៗ៤។

សិស្សានុសិស្សដែលត្រៀមនឹងប្រឡងថ្នាក់បាក់ឌុបនេះបានសម្តែងនៃការព្រួយបារម្ភចំពោះការប្រឡងខាងមុខនេះ ដោយពួកគេបានលើកឡើងស្រដៀងៗគ្នាថា តាំងពីពេលដែលក្រសួងអប់រំប្រកាសបិទសាលារៀននៅទូទាំងប្រទេសមក ការសិក្សាទាំងអស់ត្រូវប្តូរពីការសិក្សានៅក្នុងថ្នាក់មកសិក្សាតាមអនឡាញវិញ។ ប៉ុន្តែការសិក្សាតាមអនឡាញវាពិតជាពិបាកសម្រាប់សិស្សភាគច្រើន ជាពិសេសសិស្សដែលរៀននៅតាមតំបន់ដាច់ស្រយ៉ាលដែលមិនសូវមានសេវាអ៊ីនធឺណេត ខ្លះទៀតថាការបង្រៀនតាមអនឡាញមិនច្បាស់លាស់ និងពេលវេលាសិក្សាមិនគ្រប់គ្រប់ដូចរៀននៅក្នុងថ្នាក់ទេ។

យុវសិស្សឈ្មោះ យីម ឃ្លោក ជាសិស្សរៀនថ្នាក់ទី១២នៃវិទ្យាល័យអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គតាសោម (ខេត្តតាកែវ) បានលើកឡើងពីការយល់ឃើញ ចំពោះការប្រឡងបាក់ឌុបខាងមុខនេះថា ខ្លួនពិតជាមានការបារម្ភពីការប្រឡងនេះ ដោយសារការរៀនក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩ មិនសូវបានដិតដល់និងគ្រប់គ្រាន់ដូចកាលពីរៀននៅក្នុងថ្នាក់ទេ។ ហើយថ្មីៗនេះក៏រឹតតែមានការព្រួយបារម្ភចំពោះការផ្ទុះនៃជំងឺកូវីដ១៩ ធ្វើឲ្យ យីម ឃ្លោក មានសម្ពាធបន្ថែមពីលើការសិក្សារបស់ខ្លួនបន្ថែមទៀត។

យុវសិស្ស យីម ឃ្លោក បាននិយាយថា «ចំពោះបញ្ហាការរៀន ឃើញថាការបិទសាលាកាលមុនខ្ញុំផ្អាកការសិក្សាសិន ដោយសារការរៀនតាមប្រព័ន្ធអនឡាញនៅតាមតំបន់ស្រុកស្រែមិនសូវមានសេវាអ៊ីនធឺរណេត។ ខ្ញុំបានផ្អាកការសិក្សារយៈពេលប្រាំខែគឺសឹងថាអត់បានរៀនតែម្តង បានមើលតែគណិតវិទ្យា និងរូបវិទ្យាបន្តិចបន្តួច ហើយរយៈពេលចាប់ពីបើកសាលាវិញបានប៉ុន្មានខែការសិក្សាមិនដូចមុន ខ្ញុំរៀនមានកូនចិត្តមួយភ័យនៅក្នុងខួរក្បាលនឹកឃើញតែជំងឺកូវីដ១៩។ ដូច្នេះអារម្មណ៍ការសិក្សារអត់មូលដូចការដើមឆ្នាំ ការរៀនរបស់ខ្ញុំធ្លាក់ច្រើន។»

ចំណែក យុវតី គង់ ធីតា ជាសិស្សថ្នាក់ទី១២នៅវិទ្យាល័យជីភូ (ខេត្តស្វាយរៀង) បានលើកឡើងថា ខ្លួនមានការបារម្ភចំពោះការប្រឡងខាងមុខ ព្រោះថាខ្លួនរៀនមិនបានគ្រប់គ្រាន់។ ធីតាបាននិយាយថា «ចំពោះការប្រឡងនេះ មានការលំបាកសម្រាប់ខ្ញុំដែរព្រោះ រយៈពេលប្រាំទៅប្រាំមួយខែនៃការផ្អាកសាលា ខ្ញុំរៀនមិនសូវបានដិតដល់ដូចពេលដែលចូលរៀនដំបូង នៅសាលាជាមួយគ្រូ ដោយសារក្រសួងតម្រូវឲ្យរៀនតាមអនឡាញ ហើយខ្ញុំតែងតែជួបបញ្ហាអ៊ីនធឺណេតនៅតាមខេត្តមិនសូវមានសេវា ការសិក្សាក៏លំបាកខ្លាំងដែរ។ ហើយបើចង់បានអ៊ីនធឺណេតទាល់តែចេញទៅខាងក្រៅ ប៉ុន្តែដោយសារបញ្ហាកូវីដ១៩ទើបខ្ញុំមិនសូវហ៊ានចេញក្រៅ ដូចនេះការសិក្សាគឺមិនបានគ្រប់គ្រាន់ដែរ។ ហើយនៅពេលចូលរៀនវិញក៏មានការលំបាកដែរ ដោយសារខាងបានរៀនយៈពេលប្រាំទៅប្រាំមួយខែ ពេលចូលរៀនវិញទើបដឹងថា ខ្លួនខ្សោយខ្លាំង ចឹងត្រូវព្យាយាមតាមមេរៀនដែរគ្រូបង្រៀនឡើងវិញ ចំណែកគ្រូក៏ព្យាយាមពន្យល់ដែរ ប៉ុន្តែមេរៀនខ្លះគាត់បង្រៀនមិនសូវដិតដល់ដោយសារតែពេលវេលានៃការសិក្សាមិនគ្រប់គ្រាន់។

រីឯ យុវសិស្ស ឈុន រាជសីហ៍ ជាសិស្សនៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក យល់ឃើញថា «ការផ្ទុះឡើងវិញនូវកូវីដ១៩ ស្របពេលនឹងការខិតជិតមកដល់ការប្រឡងទី១២ សិស្សរៀនអត់បានគ្រប់គ្រាន់ហើយពេលផ្អាកបិទសាលានេះ សិស្សអត់មានបានរៀនអនឡាញដូចសាលាកជន ហើយថ្នាក់រៀនគួរបន្ថែមក៏បិទអស់ ខ្ញុំរៀនតាមយូរធូប និងតាមអនឡាញ។

យុវសិស្ស ភូ គាងហួរ ជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក បានលើកឡើងថា បន្ទាប់ពីការផ្ទុះឡើងនូវការឆ្លងនូវកូវីដ១៩ឡើងវិញនេះ សាលារៀនក៏បានផ្អាក២សប្តាស៍បន្តទៀត។ តាំងពីការបិទសាលាមកមេរៀនសង្គមដូចជាមិនសូវអីទេ តែខាងវិទ្យាសាស្រ្តគឺត្រូវការលំហាត់ ថ្មីៗ និងរូបមន្ត សម្រាប់ការរៀនបន្ថែមតាមអនឡាញក៏គ្រូមិនសូវមានទំនោរក្នុងការបង្រៀនសិស្សតាមអនឡាញប៉ុន្មានដែរ។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បើទោះបីការសិក្សារបស់សិស្សមានការផ្អាកមួយចំនួនតូចក្តី ក៏គុណភាពប្រឡងសម្រាប់ឆ្នាំ២០២០នេះ នៅរក្សាដូចឆ្នាំមុនៗដដែល ដោយសារក្រសួងអនុវត្តន៍គោលការណ៍ធំៗ៤ គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និង លទ្ធផលអាចទទួលយកបានដើម្បីរក្សាគុណភាពប្រឡងជូនដល់សិស្សានុសិស្ស និងបេក្ខជនប្រឡងផ្ទាល់។

ឯកឧត្តម រស់ សុវាចា បញ្ជាក់ថា នៅក្នុងការប្រឡងបាក់ឌុប សម្រាប់ឆ្នាំ២០២០នេះ ក្រសួងអប់រំក៏នៅតែផ្តល់ជូននិទ្ទេស (និទ្ទេស A, B, C, D និង E) ជូនដល់បេក្ខជន ដូចឆ្នាំមុនផងដែរ។ ធ្វើបែបនេះដើម្បីរក្សាគុណភាពនៃការប្រឡងរបស់បេក្ខជន ឆ្លើយតបនឹងការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ របស់បេក្ខជនទាំងអស់។

គួរបញ្ជាក់ថា ក្រសួងអប់រំបានកំណត់កាលបរិច្ឆេទសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) គឺនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និង សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។សិស្សានុសិស្សដែលត្រៀមនឹងប្រឡងសញ្ញាបត្រទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅនៅសម័យប្រឡងថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០នាពេលខាងមុខនេះ សូមសំណូមពរឲ្យក្រសួងមានការបន្ថូរបន្ថយចំពោះវិញ្ញាសាប្រឡង ដោយហេតុថា សិស្សភាគច្រើនមានការលំបាកខ្លាំងក្នុងការសិក្សាតាមប្រព័ន្ធអនឡាញ ជាពិសេសនៅក្នុងបរិបទដែលមានការផ្ទុះឡើងនូវការរាតត្បាតនៃជំងឹកូវីដ១៩សាថ្មីនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង