681 ezgif.com resize
Swift cc time

ម៉ោង១១ព្រឹកនេះ ថៃបានបញ្ជូនកងទ័ព និងសព្វាវុធចូលតំបន់អានសេះ និងតំបន់ផ្សេងទៀត ក្នុងដែនអធិបតេយ្យភាពកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ព្រះវិហារ៖ ថៃ នៅវេលាម៉ោង ១១ ព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រចូលក្នុងតំបន់អានសេះ និងតំបន់ផ្សេងទៀត ដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំងពីសំណាក់កងកម្លាំងរបស់យើងយ៉ាងណាក៏ដោយ។ នេះបើយោងតាម សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។

យោងតាមសេចក្តីថ្លែងការណ៍របស់លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ថៃបានរំលោភបំពានយ៉ាងគឃ្លើនម្តងហើយម្តងទៀតលើបូរណភាពទឹកដីកម្ពុជា និងរំលោភបទឈប់បាញ់ ដោយបានបានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រចូលក្នុងតំបន់អានសេះ និងតំបន់ផ្សេងទៀត នាព្រឹកនេះ។

លោកស្រីបានគូសបញ្ជាក់ថា កម្ពុជាទើបតែបានរៀបចំឱ្យមានដំណើរកិច្ចរបស់អនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជា ទៅកាន់ទីកន្លែងទាំងនោះ កាលពីថ្ងៃទី៣0ខែកក្កដា ឆ្នាំ២០២៥ ដែលនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា វាជាដែនអធិបតេយ្យរបស់កម្ពុជា។ ទង្វើនេះគឺជាការរំលោភដល់បទឈប់បាញ់យ៉ាងគឃ្លើន និងបានបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតចំពោះសន្តិភាព និងសន្តិសុខនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូល។

លោកស្រីបានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូដែលបានខិតខំប្រឹងប្រែងជួយឱ្យសម្រេចបានបទឈប់បាញ់ដ៏លំបាកមួយនេះ ហើយសុទ្ធតែមានបំណងចង់ឃើញបទឈប់បាញ់មួយនេះត្រូវបានអនុវត្តដោយពេញលេញ និងប្រកបប្រសិទ្ធភាព ទាមទារឱ្យថៃបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួនជាបន្ទាន់ និងគោរពឱ្យបានម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ ជាពិសេសអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា៕

Khcct banner

អត្ថបទទាក់ទង