681 ezgif.com resize
Swift cc time

សមាគមឧកញ៉ាកម្ពុជាបន្តដឹកនាំសមាជិកជាច្រើនរូបចូលរួមគោរពវិញ្ញាណក្ខន្ធកងទ័ពកម្ពុជាដែលបានពលីជីវិតការពារទឹកដី

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

សៀមរាប៖ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា និងអ្នកឧកញ៉ា អែឡែន អនុប្រធាន និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ បានបន្តដឹកនាំសមាជិកសមាគមឧកញ៉ាកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ពកម្ពុជាចំនួន១០រូប ដែលបានពលីជីវិតដើម្បីជាតិមាតុភូមិក្នុងការវាយបកប្រឆាំងទាហានសៀមឈ្លានពាន។ សពវីរកងទ័ពកម្ពុជាទាំង១០រូប មានលំនៅឋានស្ថិតនៅខេត្តឧត្តរមានជ័យ សៀមរាប និងខេត្តកំពង់ធំ។

បើតាមសមាគមឧកញ៉ាកម្ពុជា ក្នុងវេលាដ៏ក្រៀមក្រំនេះ តំណាងទាំងពីរនៃសមាគមឧកញ៉ាកម្ពុជាបានពាំនាំនូវសារចូលរួមរំលែកទុក្ខពីលោកអ្នកឧកញ៉ាប្រធាន ក៏ដូចជាលិខិតរំលែកមរណទុក្ខពីសមាគមឧកញ៉ាកម្ពុជា ជូនក្រុមគ្រួសារ នៃសពទាំង១០ នៅឯគេហដ្ឋានផ្ទាល់ដែលស្ថិតនៅខេត្តឧត្តរមានជ័យ សៀមរាប និងខេត្តកំពង់ធំ។

វីរកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី មានដូចជា៖ លោកព្រឹន្ទបាលឯក ឌី សេង, លោកព្រឹន្ទបាលឯក សយ ប្រុស, ពលទោ សំសុគង់ ឆាត, ពលទោឯក វិន សុខរ៉ា, លោកព្រឹន្ទបាលឯក តុត ប៊ុនយឿន, លោកអនុសេនីយ៍ត្រី ញាត ឈីន, លោកព្រឹន្ទបាលឯក ពេជ្រ ង៉ោល, លោកវរសេនីយ៍ត្រី ជួង លៀប, លោកនាយចំណង់ ចាប ថី, និង លោកព្រឹន្ទបាលឯក ថា សុភា។

មរណភាពរបស់វីរកងទ័ពកម្ពុជាទាំង១០រូបនេះគឺជាការបាត់បង់នូវយោធិនដ៏អង់អាចក្លាហានដោយបានធ្វើពលីកម្មនូវសាច់ស្រស់ឈាមស្រស់ប្រកបដោយភាពមោះមុតនៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី។

វីរភាពរបស់លោកទាំងអស់គ្នានឹងស្ថិតក្នុងការចងចាំក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់រូបគ្មានថ្ងៃបំភ្លេចបានហើយកេរ្តិ៍ឈ្មោះរបស់លោកនឹងត្រូវបានចារទុកនៅក្នុងប្រវត្តិសាស្ត្រជាតិ។ នេះបើតាមសមាគមឧកញ៉ាកម្ពុជា៕



Khcct banner

អត្ថបទទាក់ទង