681 ezgif.com resize
Swift cc time

ក្រសួងព័ត៌មាន ប្រកាសក្រើនរម្លឹកបញ្ឈប់បង្កើតចែកចាយព័ត៌មានក្លែងក្លាយ ញុះញង់ ជៀសវាងប៉ះពាល់សុវត្ថិភាព និងអាយុជីវិតកងទ័ព

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងព័ត៌មាន ប្រកាសបញ្ឈប់ការបង្កើតចែកចាយព័ត៌មានក្លែងក្លាយ ការបំភ្លៃព័ត៌មាន ការកាត់តរូបភាព ការប្រមាថ ឬការបង្កើតព័ត៌មានញុះញង់ ឬការរើសអើង ជៀសវាងប៉ះពាល់សុវត្ថិភាព និងអាយុជីវិតកងទ័ពដែលកំពុងបំពេញកាតព្វកិច្ចនៅសមរភូមិជួរមុខ។ ការប្រកាសនេះ បន្ទាប់ពីនៅតែសង្កេតឃើញមានការផ្សាយបំភ្លៃនូវខ្លឹមសារទាក់ទងនឹងការចាប់ខ្លួនកងទ័ព ដែលជះផលអវិជ្ជមាន អាចបង្កហានិភ័យធ្ងន់ធ្ងរ ប៉ះពាល់ដល់សុវត្ថិភាព អាយុជីវិតកងទ័ព។

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្តថា ក្រសួងព័ត៌មាននៅបន្តសង្កេតឃើញចែកចាយព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធនឹងកងទ័ពកម្ពុជា ដែលបានបង្កើតមន្ទិលក្នុងចំណោមពលរដ្ឋ ហើយបានធ្វើឱ្យពលរដ្ឋមានការច្របូកច្របល់ ទាក់ទងនឹងការចាប់ខ្លួនកងទ័ព ដែលជះផលអវិជ្ជមាន អាចបង្កហានិភ័យធ្ងន់ធ្ងរ ប៉ះពាល់ដល់សុវត្ថិភាព អាយុជីវិតកងទ័ព និងសន្តិសុខជាតិ ពិសេសបង្កហានិភ័យខ្លាំង ដល់ការអនុវត្តបទឈប់បាញ់ និងកិច្ចខិតខំ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងដំណើរការដឹកនាំ និងគ្រប់គ្រងស្ថានការណ៍ និងយន្តការដោះស្រាយ វិវាទព្រំដែននាពេលបច្ចុប្បន្ននេះ។

ទន្ទឹមនេះដែរ ក្រសួងក៏បានបន្តកត់សម្គាល់ឃើញ ការប្រើរូបភាព និងខ្លឹមសារមិនសមរម្យ អសីលធម៌ និងសារពាក់ព័ន្ធនឹងការពហិកាចំពោះផលិតផលបរទេសមួយចំនួនទៀត បញ្ចេញលើបណ្តាញសង្គម ដែលបានបង្កការអុចអាល ឱ្យមានការរើសអើង អរិយភាពជាតិសាសន៍ ប្រជាជននិងប្រជាជន ខណៈប្រទេសជាតិកំពុងស្ថិតក្នុងស្ថានភាពលំបាកទៅហើយ។

អ្នកនាំពាក្យរូបនេះ បានបន្តថា ចលនាជាតិនិយមនោះមិនត្រូវក្លាយជាការបង្កឱ្យមានបញ្ហា ឬបង្កហានិភ័យ ឬបន្ថែមបញ្ហាថ្មី នាំភ្លើងថែមឡើយ តែបង្កឲ្យកាន់តែមានភាពស្មុកស្មាញខ្លាំងឡើងទៅវិញ ពិសេសមិនចំណេញទេដល់កិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងដំណើរការដោះស្រាយវិវាទ ឬបញ្ហាតាមគោលការណ៍សន្តិភាព នីតិរដ្ឋ ច្បាប់ជាតិនិងអន្តរជាតិ យន្តការដោះស្រាយជម្លោះកម្រិតតំបន់ និងសកល តែផ្ទុយទោវិញនឹងបណ្តាលឱ្យមានបញ្ហាជាច្រើនកើតឡើងទៅវិញទេ៕

Khcct banner

អត្ថបទទាក់ទង