ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានស្នើឱ្យមានតំណាង មកពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និងសាធារណរដ្ឋប្រជាមានិតចិនចូលរួមជាអ្នកសង្កេតការណ៍ ក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ក្នុងកំឡុងថ្ងៃទី០៤ ដល់ទី០៧ ខែសីហា ឆ្នាំ២០២៥ ដើម្បីជាការឆ្លើយតបទៅនឹងលិខិតរបស់ភាគីថៃ ទាក់ទងនឹងសំណូមពរក្នុងការ រៀបចំកិច្ចប្រជុំ GBC នៅក្នុងទីតាំងអព្យាក្រឹត ដែលស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី។
ទន្ទឹមនឹងនេះ ដោយប្រទេសម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និងសាធារណរដ្ឋប្រជាមានិតចិន ជាតួអង្គសំខាន់ក្នុងការ សម្របសម្រួល ឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង ពូត្រាយ៉ៃយ៉ា ប្រទេសម៉ាឡេស៊ី ដូច្នេះ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានស្នើឱ្យមានតំណាង មកពីប្រទេសទាំងបីខាងលើ ចូលរួមជាអ្នកសង្កេតការណ៍ ក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ នេះ។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះប្រទេសម៉ាឡេស៊ី ដែលដើរតួនាទីជាប្រធាន ប្តូរវេនអាស៊ាន និងជាប្រធានក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ព្រមទាំងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន ដែលបានដើរតួនាទីដ៏សំខាន់នេះ៕