ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ១១ វិច្ឆិកានេះ បានចេញបញ្ជាឲ្យក្រសួងសុខាភិបាល បញ្ចេញម៉ាសក្រណាត់២លាន ចែកជូនប្រជាពលរដ្ឋដែលខ្វះខាតក្នុងសហគមន៍ក្រីក្រ ក្នុងរាជធានីភ្នំពេញ ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
យោងតាមលិខិតរបស់ក្រសួងសុខាភិបាលគោរពជូនដល់ អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា តាមបញ្ជារបស់សម្តេច ហ៊ុន សែន ក្រសួងសុខាភិបាល បញ្ចេញម៉ាសក្រណាត់២លានពីឃ្លាំងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋដែលខ្វះខាតក្នុងសហគមន៍ក្រីក្រ ក្នុងរាជធានីភ្នំពេញ ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
គួរបញ្ជាក់ថា ការបញ្ជេញម៉ាស់នេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាបានចាប់ផ្តើមផ្ទុះកូវីដសាជាថ្មី ក្រោយពីមានការធ្វេសប្រហែសក្នុងជំនួបរវាងរដ្ឋមន្រ្តីការបរទេសហុងគ្រីបង្កជាការឆ្លងកូវីដ១៩ដល់មន្ត្រីកម្ពុជា។
គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ការធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា មានចំនួនសរុប ១៤៨១នាក់(ទាំងតេស្តលើកទី១ និងលើកទី២) ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលក្នុងចំនួននេះ អ្នកមានវិជ្ជមានវីរុសកូវីដ-១៩ មានចំនួន០៤នាក់ (បានរាយការណ៍ជូនសាធារណជនរួចហើយ) ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ចំនួនវត្ថុសំណាកនេះ មិនទាន់បានបូកបញ្ចូល ចំនួន ៥០វត្ថុសំណាកដែលនៅសល់ ដែលត្រូវវិភាគនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយសារមិនទាន់មានលទ្ធផលធ្វើតេស្តនៅឡើយទេ៕