ភ្នំពេញ៖សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី ២៨ កក្កដានេះ ពោលគឺជិត១ម៉ោងមុនបទឈប់បាញ់មកដល់ បានបង្ហោះសារតាមបណ្តាញសង្គមដោយថា លោក ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បាន ឯកភាពឲ្យសហរដ្ឋអាម៉េរិក ចូលរួមក្នុងដំណើរការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងបញ្ចប់ការឈប់បាញ់គ្នា និង បន្តសហការជាមួយយន្តការដែលរៀបចំដោយ ម៉ាឡេស៊ី ដើម្បីត្រួតពិនិត្យឲ្យបានជោគជ័យ។
សម្តេច ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយពីត្រឡប់មកដល់ប្រទេសកម្ពុជាវិញបន្ទាប់ពីចរចារការឈប់បាញ់ជាបន្ទាន់ រវាងកងទ័ពកម្ពុជានិងកងទ័ពថៃដោយជោគជ័យនៅប្រទេសម៉ាឡេស៊ី សម្តេចបានទទួលទូរសព្ទពីលោក Donald Trump ដោយលោកទាក់ទងមកផ្ទាល់ ដើម្បីអបអរសាទរនូវជោគជ័យនៃកិច្ចចរចារបញ្ចប់ការឈប់បាញ់គ្នាភ្លាមរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ កាលពីល្ងាចមិញនេះ។ លោកត្រាំ ចាត់ទុកកិច្ចការនេះ ជាកិច្ចការសំខាន់ហើយដែលលោកតាមដានដោយផ្ទាល់។
សម្តេច ហ៊ុន ម៉ាណែត សម្ដែងការអរគុណសារជាថ្មី ចំពោះលោក ប្រធានាធិបតី Donald Trump ដែលបានផ្ដួចផ្ដើមនិងជំរុញឲ្យមានការចរចារការឈប់បាញ់ឲ្យបានឆាប់រហ័ស និង ឲ្យគោលការណ៍សហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ីថ្ងៃនេះ ដែលមានការចូលរួមពីតំណាងរដ្ឋាភិបាលចិន។
តែយ៉ាងណា សម្រាប់សម្តេច ហ៊ុន ម៉ាណែត យល់ថា ដើម្បីឲ្យកិច្ចព្រមព្រៀងនេះអាចអនុវត្តទៅដោយពេញលេញនិងមាននិរន្តរភាព ចាំបាច់ត្រូវមានយន្តការតាមដាននិងត្រួតពិនិត្យការអនុវត្តរបស់ភាគីពាក់ព័ន្ធឱ្យបានច្បាស់លាស់ ដែលនេះក៏ជាចំណុចឯកភាពគ្នាមួយនៅក្នុងកិច្ចប្រជុំពិសេសផងដែរ។
ក្នុងន័យនេះ លោក ប្រធានាធិបតី បានឯកភាពឲ្យសហរដ្ឋអាម៉េរិកចូលរួមក្នុងដំណើរការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងបញ្ចប់ការឈប់បាញ់គ្នា និង បន្តសហការជាមួយយន្តការដែលរៀបចំដោយ ម៉ាឡេស៊ី ដើម្បីត្រួតពិនិត្យឲ្យបានជោគជ័យ។លោកត្រាំ ចាត់ទុកថាកិច្ចការងារនេះ ជាកិច្ចការពិសេសសំខាន់ដែលឯកឧត្តមចង់ឃើញនូវសន្តិភាពមួយដែលមានជាអចិន្ត្រៃយ៍រវាងប្រទេសទាំងពីរ៕