681 ezgif.com resize
Swift cc time

សិក្ខាសាលាផ្សព្វផ្សាយអំពីយន្តការសមាគមមនុស្សចាស់ និងអន្តរជំនាន់-ពហុមុខងារ ត្រូវបានរៀបចំឡើងដើម្បី«លើកកម្ពស់ស្ថានភាពរស់នៅនិងបង្កើនប្រាក់ចំណូល»ដល់មនុស្សចាស់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ អង្គការមនុស្សចាស់កម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានសហការជាមួយដៃគូ ក្នុងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី “យន្តការសមាគមមនុស្សចាស់ និងអន្តរជំនាន់-ពហុមុខងារ ដើម្បីជីវិតថ្លៃថ្នូររបស់មនុស្សវ័យចាស់កម្ពុជា និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព” តាមរយៈមូលនិធិគាំទ្រពី ក្រសួងសហព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៃប្រទេសអាល្លឺម៉ង់ (BMZ)។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែក និងផ្សព្វផ្សាយអំពីយន្តការសមាគមមនុស្សចាស់អោយកាន់តែទូលំទូលាយ និងប្រមូលធាតុចូលបន្ថែមក្នុងការពង្រឹង និងពង្រីកយន្តការដែលមានស្រាប់នេះនៅទូទាំងប្រទេស សំដៅលើកកម្ពស់ស្ថានភាពរស់នៅ និងសុខុមាលភាពរបស់មនុស្សចាស់ឆ្លើយតបទៅនឹងទិសដៅ និងគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ឆ្នាំ២០១៧-២០៣០។

អង្គការមនុស្សចាស់បានបញ្ជាក់ថា តាមរយៈកិច្ចសហការក្នុងការអនុវត្តគម្រោងរយៈពេលជាង៣ឆ្នាំកន្លងមកនេះ គម្រោងសម្រេចបាននូវលទ្ធផលជាច្រើន (ស្របតាមការរំពឹងទុក) ជាពិសេសទៅលើការរៀបចំ និងពង្រឹងសមាគមមនុស្សចាស់នៅក្នុងតំបន់គោលដៅ ឲ្យក្លាយជាសមាគមដែលមានលក្ខណៈអន្តរជំនាន់ សកម្ម និងពហុមុខងារ។ គម្រោងនេះបានចូលរួមចំណែកក្នុងការជួយលើកកម្ពស់ស្ថានភាពរស់នៅ សុខភាព ប្រាក់ចំណូល សិទ្ធិ និងការចូលរួមរបស់មនុស្សវ័យចាស់ និងជនងាយរងគ្រោះផ្សេងទៀតនៅក្នុងសហគមន៍ប្រកបដោយបរិយាបន្ន័ និងនិរន្តរភាព។

សូមរំលឹកថា សិក្ខាសាលាខាងលើនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ.) និងក្រសួង-ស្ថាប័នពាក់ព័ន្ធដែលជាសមាជិកគណៈកម្មាធិការកម្ពុជាដើម្បីមនុស្សវ័យចាស់ ព្រមទាំងតំណាងមន្ទីរ ស.អ.យ. មកពី ១៥ រាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល រួមទាំងតំណាងសមាគមមនុស្សចាស់មកពី ៩ រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា សរុបចំនួន ១២០នាក់។

គួរបញ្ជាក់ថា អង្គការមនុស្សចាស់កម្ពុជា គឺជាអង្គការក្នុងស្រុកមិនមែនរដ្ឋាភិបាល ដែលធ្វើការជាមួយមនុស្សចាស់ ដើម្បីឲ្យពួកគាត់អាចដឹកនាំជីវិតរស់នៅថ្លៃថ្នូ មានភាពសកម្ម សុខភាពល្អ និង សុវត្ថិភាព ។ អង្គការមានវត្តមាននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩២ និងបានបំពេញបេសសកម្មរបស់ខ្លួនក្នុងខេត្តបាត់ដំបង, បន្ទាយមានជ័យ និងសៀមរាប។ អង្គការ គឺជាសមាជិកបណ្តាញសាកលរបស់អង្គការមនុស្សចាស់អន្តរជាតិ។

រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ អង្គការមនុស្សចាស់ បានដើរតួនាទីយ៉ាងសំខាន់ និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកៀរគរប្រភពជំនួយពីក្រៅប្រទេសរាប់សិបលានដុល្លា ដើម្បីជួយដោះស្រាយនូវបញ្ហាប្រឈមខាងលើដែលរួមមានទាំងផ្នែកសេដ្ឋកិច្ច សុខភាព បរិស្ថាន យេនឌ័រ និងសិទ្ធិ សំដៅលើកកម្ពស់ស្ថានភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាជនវ័យចាស់ និងសហគមន៍ពួកគាត់ នៅកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង