ភ្នំពេញ៖ កញ្ញា អ៊ឹម រចនា ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ អំពាវនាវដល់សហគមន៍ SSEAYP នៅតំបន់អាស៊ាននិងជប៉ុន គាំទ្រសន្តិភាព ឯកភាព និងការចូលរួមក្នុងន័យស្ថាបនា នៅក្នុងបញ្ហាវិវាទរវាងកម្ពុជា និងថៃ។ កញ្ញាសង្កត់ធ្ងន់ថា ពេលនេះ ជាងពេលណាៗទាំងអស់ យុវជនចាំបាច់ត្រូវប្ដេជ្ញាចិត្តរួបរួមគ្នាជាធ្លុងមួយ ដើម្បីឈានទៅបញ្ចប់ជម្លោះ ជំនួសមកវិញនូវស្ថិរភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។
យោងតាមសេចក្តីថ្លែងការណ៍សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ ហៅកាត់ថា SIC បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះជនរងគ្រោះ ដែលបាត់បង់ជីវិតនិងរងផលប៉ះពាល់ដោយការប៉ះទង្គិចប្រដាប់អាវុធនាពេលថ្មីៗនេះ នៅតាមព្រំដែនកម្ពុជា-ថៃ។ ការបាត់បង់អាយុជីវិតនិងការកើនឡើងនៃភាពតានតឹងរវាងប្រទេសទាំងពីរ គឺជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភ។
ជាសមាគមយុវជនដែលមានសមាជិកជាង ៦០០នាក់ និងមានបណ្ដាញយ៉ាងទូលំទូលាយនៅក្នុងតំបន់អាស៊ាននិងជប៉ុន SIC បន្តលើកតម្កើងសន្តិភាព និងការគោរពគ្នាទៅវិញទៅមក។ យើងជឿជាក់ថា សន្តិភាពពិតប្រាកដ ពិតជាអាចសម្រេចបានតាមរយៈគតិបណ្ឌិតក្នុងការដឹកនាំ និងការប្ដេជ្ញាចិត្តឥតងាករេក្នុងការដោះស្រាយវិវាទដោយសន្តិវិធី និងអនុលោមតាមច្បាប់អន្ដរជាតិ។
SICអំពាវនាវដល់សហគមន៍ SSEAYP និងយុវជនទាំងឡាយ គាំទ្រសន្តិភាព ឯកភាព និងការចូលរួមក្នុងន័យស្ថាបនា នៅក្នុងបញ្ហាវិវាទរវាងកម្ពុជា និងថៃ។ តាមរយៈការរួបរួមគ្នាជាធ្លុងមួយ យើងនឹងអាចឈានទៅបញ្ចប់ជម្លោះ ជំនួសមកវិញនូវស្ថិរភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់៕