ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី ២៤ កក្កដា ២០២៥ ម្សិលមិញនេះ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន បានស្នើសុំជួបពិភាក្សាជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាតាមទូរស័ព្ទ ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និង កងទ័ពថៃនៅតាមបណ្ដោយព្រំដែន។ក្នុងនោះក៏បានកិច្ចសន្ទនាជាមួយលោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ។
ក្នុងនាមជាប្រធានប្ដូរវេនអាស៊ានលោក Anwar Ibrahim បានបង្ហាញនូវកង្វល់ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នានេះ ក៏ដូចជាឆន្ទៈចង់ឱ្យមានការឈប់បាញ់គ្នាភ្លាម ដើម្បីបើកច្រកសម្រាប់ការស្វែងរកដំណោះស្រាយ រវាងភាគីទាំងពីរ។សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ច្បាស់ជាមួយលោក Anwar Ibrahim ថាកម្ពុជាឯកភាពជាមួយសំណើឱ្យមានការឈប់បាញ់ ព្រោះកម្ពុជាមិនបានចាប់ផ្តើមការវាយប្រយុទ្ធនេះទេ។
បើតាមសម្តេច ហ៊ុន ម៉ាណែត ជាចម្លើយបឋមដែលបានទទួលពី លោក Anwar Ibrahim ក្រោយពីពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ គឺភាគីថៃបានឯកភាពជាមួយសំណើរបស់លោក Anwar Ibrahim ស្តីពីការឈប់បាញ់ ដោយកំណត់យកម៉ោង ១២យប់ ថ្ងៃទី ២៤ កក្កដា ២០២៥ ជាពេលដែលកងទ័ពទាំងសងខាងឈប់បាញ់គ្នា។
ប៉ុន្តែជាការសោកស្តាយ ដោយជាងមួយម៉ោងក្រោយនោះ ភាគីថៃបានជូនដំណឹងវិញថា ភាគីថៃបានប្តូរជំហរពីឯកភាពឈប់បាញ់ម៉ោង ១២យប់ ថ្ងៃទី ២៤ កក្កដា ២០២៥ ទៅជាមិនឯកភាព ហើយរង់ចាំសិន។លោក Anwar Ibrahim បានដឹងករណីនេះច្បាស់។
សម្រាប់ សម្តេច ហ៊ុន ម៉ាណែត អ្វីដែលជាគន្លឹះសម្រាប់ការស្វែងរកការបញ្ចប់ជម្លោះប្រដាប់អាវុធរវាងថៃ និង កម្ពុជានៅពេលនេះ គឺសុឆន្ទៈពិតប្រាកដរបស់ភាគីថៃ ក្នុងការទទួលយកនូវការឈប់បាញ់ ដែលជាជំហានដំបូងនៃការស្វែងរកដំណោះស្រាយបន្តទៅមុខទៀតរវាងភាគីទាំងពីរ៕